រឿងទាំង៣យ៉ាងដែលអ្នកមានធ្វើ

រឿងទាំង៣យ៉ាងដែលអ្នកមានធ្វើ

ប្រជាជនខ្មែរមួយចំនួនធំតែងរអ៊ូថា   អ្នកមានគេកាន់តែមាន ចំណែកអ្នកក្រកាន់តែក្រ។ ស្ដាប់ទៅត្រូវដែរ តែអ្នកភ្លេចគិតហើយថា អ្នកមានមួយចំនួនមានមុខមាត់ទ្រព្យសម្បិត្តមកដល់ថ្ងៃនេះ សុទ្ធសឹងតែចេញពីការខំប្រឹងដូចគ្នា។ អ្នកមិនចាំបាច់ខំលោតហក់តាមពួកគេនោះទេ តែអ្នកគួរតែអនុវត្តតាមទម្លាប់របស់ពួកគេតាមលទ្ធភាពដែលអ្នកមាន ខាងក្រោមនេះជាអ្វីដែលអ្នកមានតែងធ្វើ៖

 

១ វិនិយោគក្នុងរយៈពេលវែង

ខុសពីមនុស្សធម្មតាដែលតែងតែរកប្រាក់មកត្រឹមមួយគ្រប់ៗចាយ និងថ្លៃកូនៗទៅសាលាប៉ុណ្ណោះ ដោយឡែកពួកគេសម្រេចចិត្តវិនិយោគទៅលើអ្វីដែលហុចផលប្រយោជន៍ក្នុងរយៈពេលយូរនាពេលអនាគត។ ឧទាហរណ៍ អ្នកមានមួយចំនួនយកប្រាក់សាងសង់អាផាតមិនរាប់ជាន់ អស់លុយរាប់លានសម្រាប់ដាក់ជួល អ្វីដែលពួកគេទទួលបានគឺប្រាក់ប្រចាំខែក្នុងរយៈពេលយូរ ទោះបីពួកគេចូលនិវត្តន៍ក៏មិនបារម្មណ៌រឿងមានលុយចាយឬក៏អត់។

 

២ វិនិយោគលើភាគហ៊ុននិងមូលបត្រ័

ចំណុចនេះរាងមិនសូវប្រជាប្រិយប៉ុន្មានទេនៅកម្ពុជា យ៉ាងណាមិញអ្នកមានមួយចំនួនពួកគេបានក្ដោបក្ដាប់ឱកាសនេះ ដោយទិញយកភាគហ៊ុនឬមូលបត្រ័មួយចំនួនធំទុកនៅតម្លៃថោក ហើយលក់ចេញទៅវិញពេលមានទីផ្សារឡើងថ្លៃ។ នេះជាវិធីសាស្រ្តលុយបង្កើតលុយ។

 

៣ វិនិយោគលើទ្រព្យរូបី

ជាសាមញ្ញទ្រព្យរូបី គឺជាអចលទ្រព្យដែលកាន់កាប់ពោលគឺ ផ្ទះ ដីស្រែ ដីចំការ។ នៅពេលមានលុយច្រើន ពួកគេតែងទិញផ្ទះទុកជួល ឬ ដីរាប់រយហិចតាដើម្បីធ្វើកសិកម្មដាំដុះនានា ចៀសវាងទុកដីទំនេរចោល ហើយឆ្លៀតរកចំនូលបន្ថែម។ ម៉្យាងវិញទៀត អចលនទ្រព្យទាំងនេះកាន់យូរកាន់តែឡើងថ្លៃ ទៅតាមហាងឆេងទីផ្សារ។

ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ

ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ

ប្រជាជនខ្មែរមិនក្រោមលានអ្នកនោះទេដែលបានយកលុយទៅផ្ញើរឬបង្កើតគណនី

សន្សំនៅធនាគារដែលខ្លួនទុកចិត្ត។ អាស្រយ័ហេតុនេះហើយទើបយើងលើកយកអត្ថបទនេះមកចុះផ្សាយ សម្រាប់ជាប្រយោជន៍ដល់អ្នកអានដើម្បីទុកជាពត៌មាននិងចំណេះដឹងមុនសម្រេចចិត្តយកលុយទៅដាក់ធនាគារ៖

 

១ ទីតាំងធនាគារ

ជាការពិតណាស់បន្ទាប់ពីសម្រេចចិត្តយកលុយទៅដាក់នៅធនាគារណាមួយហើយ អ្នកក៏ពុំគួរមើលរំលងទីតាំងធនាគារនោះផងដែរ។ ជួនកាលធនាគារអាចផ្ដល់ការប្រាក់ខ្ពស់ ក៏ប៉ុន្ដែទីតាំងឆ្ងាយពីលំនៅស្ថានអ្នក ពុំមានសាខាច្រើន ហើយទូរដកប្រាក់ក៏មានកំណត់ដែលប៉ះពាល់ដល់ពេលវេលារបស់អ្នកក្នុងការធ្វើដំណើរ ដាក់ប្រាក់ឬដកប្រាក់ជាដើម។

 

២ ប្រាក់កម្ចី

ការសម្រេចចិត្តក្នុងការទុកដាក់លុយនៅធនាគារដែលមានសុវត្ថិភាពជាការល្អ តែយ៉ាងណាមិញអ្នកកុំភ្លេចគិតគូរពីគម្រោងនាពេលអនាគតផងដែរ។ ឧទាហរណ៌ថាអ្នកចង់បើកមុខរបររកស៊ីហើយគ្មានដើមទុន នោះអ្នកប្រាកដជានឹកឃើញដល់ធនាគារមុនគេហើយ។ ពេលខ្លះធនាគារដែលអ្នកផ្ញើរប្រាក់អាចគិតការខ្ពស់ដែលអ្នកមិនអាចទ្រាំទ្របាន អាស្រយ័ហេតុនេះហើយអ្នកត្រូវគិតគូរឲបានវែងឆ្ងាយមុនសម្រេចចិត្ត ព្រមទាំងគិតពីប្រយោជន៍នាពេលអនាគតផង។

 

៣ ពិនិត្យតាមដានឱ្យបានទៀងទាត់

មិនថាមនុស្សឬម៉ាស៊ីនទេ តែងមានកំហុសជានិច្ច ដូចគ្នាទៅនឹងធនាគារដែរ ពេលខ្លះវាអាចមានកំហុសដោយអចេតនាមួយកើតឡើងចំពោះហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះមានតែការតាមដានឲបានទៀងទាត់ទេជាការល្អ។ លើសពីនេះទៅទៀត មុននឹងសម្រេចចិត្ត អ្នកគួរតែអានឯកសារគោលការណ៍និងពត៌មានរបស់ធនាគារឲបានច្បាស់លាស់សិនចៀសវាងការភន្ដ័ច្រឡំដោយប្រការណាមួយ។

 

ធ្វើយ៉ាងណាទើបសន្សំគ្រប់លុយទិញផ្ទះ?

ធ្វើយ៉ាងណាទើបសន្សំគ្រប់លុយទិញផ្ទះ?

ការដែលមានជម្រកមួយសម្រាប់ខ្លួនឯងគឺជាសេចក្ដីសុខម្យា៉ងក្នុងឆាកជីវិតមនុស្ស។ ប្រជាជនខ្មែរជាច្រើនមានការលំបាកខ្លាំងក្នុងការសន្សំប្រាក់ដើម្បីឲគ្រប់ថ្លៃទិញផ្ទះ។ អាស្រយ័ហេតុនេះហើយ ថ្ងៃនេះស្ពាននឹងណែនាំអំពីវិធីសាស្ត្រខ្លះដែលជួយអ្នកបាន៖

១ តាមដានការចំណាយរបស់អ្នកជាប្រចាំ

អ្នកគួរតែកត់ត្រាទុកក្នុងទូរសព្ទ័ឬកូនសៀវភៅណាមួយនូវរាល់ការចំណាយ បន្ទាប់មកបូកសរុបម្ដងនៅចុងខែ ឬ មួយឆមាសដើម្បីដឹងពីចំនួនសរុបនិងភាពខុសគ្នាពីការចាយវាយរបស់អ្នកពីមួយខែទៅមួយខែ។

 

២ បង្កើតគម្រោងថវិការ

នៅពេលដែលអ្នកដឹងពីចំណូលចំណាយហើយ អ្នកគួរតែបង្កើតគម្រោងថវិការដើម្បីកំណត់ការចំណាយ ព្រោះថាវាអាចជួយអ្នកកាត់បន្ថយការចាយវាយដែលមិនចាំបាច់ ហើយសល់ប្រាក់ដើម្បីដាក់ចូលក្នុងគណនីសន្សំសម្រាប់ទិញផ្ទះវិញ។

 

៣ បង្កើតគណនីសន្សំដាច់ដោយឡែក

ជាទូទៅ អ្នកតែងមានគណនីផ្ទាល់ខ្លួនសម្រាប់ការសន្សំនិងការចាយវាយ អាស្រយ័ហេតុនេះ អ្នកគួរពិចារណាបើកគណនីដោយឡែកនិងកុំឲមានការប៉ះពាល់រហូតដល់អ្នកសន្សំគ្រប់ថ្លៃទិញផ្ទះ។

 

៤ រកប្រាក់បន្ថែម

ពេលខ្លះប្រាក់ខែគោលអាចនឹងមិនគ្រប់សម្រាប់ថ្លៃសន្សំនោះទេ ម្យ៉ាងវិញទៀតវាមានរយៈពេលយូរ។ ដូចនេះ អ្នកគិតគូររកចំណូលខាងក្រៅតាមសមត្ថភាព ដូចជារកស៊ីតាមអនឡាញ បង្រៀនក្រៅម៉ោង ឬលក់សេវានានាតាមតម្រូវការដែលមានក្នុងទីផ្សារកម្ពុជា។

៤ជំហានក្នុងការសន្សំប្រាក់

៤ ជំហានក្នុងការសន្សំប្រាក់

សម្រាប់យុវជនខ្មែរការសន្សំប្រាក់ឲមានប្រសិទ្ធភាពប្រហែលជាមានការលំបាកខ្លាំង ព្រោះពិបាកហាមចិត្តមានៈខ្លួនឯងពីការចំណាយ។ ខាងក្រោមនេះជាជំហានងាយៗដែលអ្នកគួរអនុវត្តតាម៖

 

១ តាមដានការចំណាយរបស់អ្នក

បើអ្នកមិនដឹងពីការចំណាយរបស់ទេ នោះអ្នកក៏មិនងាយភ្ញាក់ខ្លួនដែរ។ តាមដានឲច្បាស់លាស់នូវការចំណាយជាប្រចាំ រាប់តាំងពីលុយមើលកុន ទិញអាហារខាងក្រៅ ចាក់សាំង ទិញខោអាវ ជាដើម។ ពេលដែលដឹងឮពីថ្លៃចំណាយសរុបហើយ នោះអ្នកអាចចាប់ផ្ដើមកាត់បន្ថយអ្វីដែលមិនចាំបាច់ចោលខ្លះ។

 

២ ជ្រើសរើសអ្វីដែលអ្នកចង់បាន

ជាធម្មតានៅពេលដែលចង់បានអ្វីម្យ៉ាងហើយ មិនថាគេមិនថាយើងទេ បើលុយមិនគ្រប់ក៏ត្រូវសន្សំ អត់ឃ្លានទាល់តែគ្រប់ដែរ។ នេះហើយជាកម្លាំងចិត្តម្យ៉ាងសម្រាប់ជម្រុញអ្នកឲសន្សំប្រាក។ អ្នកអាចសន្សំសម្រាប់រយៈពេលខ្លីដូចជា ឡាន ម៉ូតូ គ្រឿងអលង្ការ ទូរសព្ទ័ កុំព្យូទរ័ ដោយឡែករយៈពេលវែងមានដូចជា ផ្ទះ ថ្លៃមន្ទីរពេទ្យ ឬ មូលនិធិសម្រាប់អាសន្នជាដើម។

 

៣ រៀនអត់ធ្មត់និងចេះកំណត់អាទិភាព

ចៀសមិនផុតទេពីការចាយវាយប្រចាំថ្ងៃ តែបើអ្នកចាយមិនដឹងមុខក្រោយនោះប៉ុន្មានក៏មិនសល់ដែរ ប្រាកដជាចាយសល់ថ្ងៃ។ ដូចនេះហើយយុវជនខ្មែរគួរចេះអត់ធ្មត់ខ្លះពីការចាយវាយលើអ្វីដែលមិនចាំបាច់ និងបែងចែកអាទិភាពមុនក្រោយពីអ្វីដែលចាំបាច់ត្រូវចំនាយ។

 

៤ បង្កើតគម្រោងថវិការ

ទោះបីអ្នកមានភាពច្បាស់លាស់ក្នុងការសន្សំក៏ដោយ ក៏អ្នកគួរបង្កើតគម្រោងថវិការមួយផ្ទាល់ខ្លួនសម្រាប់ កំណត់ចំនួនប្រាក់ដែលត្រូវសន្សំ ប្រាក់ដែលគួរដក ប្រាក់សម្រាប់ការចាយវាយផ្សេងៗជាដើម។

រៀនសន្សំប្រាក់បើសិនចង់បានប្រពន្ធ

រៀនសន្សំប្រាក់បើសិនចង់បានប្រពន្ធ

ប្លែកពីប្រទេសដទៃ សម្រាប់មង្គលការនៅកម្ពុជាគឺពិតជាត្រូវចំណាយធនធានច្រើន ពោលគឺធ្វើឲគគ្រឹកគគ្រេងនិងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អាស្រយ័ហេតុនេះហើយថ្លៃបណ្ដារការឬថ្លៃទឹកដោះភាគច្រើនគឺជាបន្ទុករបស់មនុស្សប្រុស។ យ៉ាងណាមិញអត្ថបទនេះមិនមែនសម្រាប់តែបុរសៗនោះទេ ប៉ុន្ដែក៏សម្រាប់នារីៗ ឬគូរស្នេហ៍ណាដែលមានបំណងចង់ជួយចែករំលែកគ្នាក្នុងការរៀបចំមង្គលការផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖

 

១ សន្សំសម្រាប់ថ្លៃបណ្ដារការ

ចៀសមិនផុតនោះទេ ដល់វយ័គង់តែដល់គូរ អាស្រយ័ហេតុនេះហើយនៅពេលចេញធ្វើការអ្នកត្រូវចេះទុកដាក់លុយសន្សំទុកសម្រាប់ចូលដណ្ដឹងកូនស្រីគេ។ អ្នកត្រូវចេះគុណគូរពីហាងឆេងថ្លៃទឹកដោះ ពីព្រោះបច្ចុប្បន្ននេះមានការឡើងថ្លៃ ដូចនេះអ្នកត្រូវមានគំនិតចេះបែងចែកប្រាក់ខ្លះដើម្បីសន្សំឬយកទៅរកស៊ីដើម្បីបង្កើតលុយ។

 

២ ចំណាយសម្រាប់មង្គលការ

ត្រង់ចំណុចនេះ បើដៃគូអ្នកមានគំនិតចង់ជួយចែករំលែក នោះអ្នកទាំងពីរត្រូវសិក្សាស្វែងយល់ពីការចំណាយសម្រាប់ពិធីមង្គលការមួយជាមុនសិន និងធ្វើគម្រោងថវិការឲបានត្រឹមត្រូវដើម្បីកំណត់គោលដៅក្នុងការសន្សំ។ គិតឲអស់តាំងពីថ្លៃរោង ថ្លៃសម្អាងការ ថ្លៃម្ហូបអាហារ សម្លៀកបំពាក់ ថតរូបជាដើម។ ជាការល្អ គូស្នេហ៍អាចពិភាក្សាបើកគណនីសន្សំមួយរួមគ្នាដើម្បីមង្គលការរបស់ពួកគេ។

 

៣ គិតពីចំនួនដែលត្រូវសន្សំ

បើសិនជាអ្នកច្បាស់លាស់ក្នុងការសម្រេចចិត្តហើយ នោះអ្នកត្រូវកំណត់គោលដៅនិងរយៈពេលសន្សំ ឧទាហរណ៍៖ ២ ទៅ ៣ឆ្នាំ។ កំឡុងពេលនេះដែរអ្នកគួរសម្រេចអំពីចំនួនប្រាក់ដែលគួរដាក់បញ្ចូលក្នុងគណនីប្រចាំខែផងដែរ ដើម្បីឲសមស្របតាមគម្រោង។

 

៤ តាមដានការសន្សំរបស់អ្នក

វាអាចនឹងពិបាកក្នុងការសន្សំប្រាក់ឲបានច្រើន ពីព្រោះអ្នកត្រូវកាត់បន្ថយចំណាយ ហើយមានខែខ្លះបានតិចឬបានច្រើន យ៉ាងណាមិញអ្នកត្រូវស្វាត់ស្វែងយ៉ាងណាឲដើរតាមគន្លងនៃគម្រោងសន្សំ។ បើសិនជាអាចអ្នកគួរព្យាយាមរកចំណូលខាងក្រៅបន្ថែមដើម្បីទប់ទល់់ការចំណាយនិងបង្កើនប្រាក់សន្សំសម្រាប់អាពាហ៍ពិពាហ៍។