លុយ

ប្រវត្តិ និងការចរាចរប្រាក់រៀលខ្មែរ

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ

ប្រាក់រៀល គឺជារូបិយប័ណ្ណតំណាងប្រទេសកម្ពុជា។​វាជាតម្លៃមួយដែលបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្មែរយើង ហើយយើងជាជនខ្មែរគឺមានមោទនៈភាពណាស់ដែលប្រទេសយើងមានរូបិយប័ណ្ណតំណាងជាតិខ្លួន។​ ដោយសារតែវាមានតម្លៃសម្រាប់ជាតិសាសន៍យើង​ ក៏ដូចជាជានជាតិយើង យុវជនគ្រប់រូបគួរតែដឹងពីប្រវត្តិប្រាក់រៀលរបស់យើង។តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រជាជន​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​បានដឹង​ច្បាស់​ពី​ការកកើត​នៃ​ក្រដាស​ប្រាក់រៀល​ខ្មែរ និង​ប្រវត្តិ​នៃ​ការចាប់ផ្តើម​ដាក់ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​តាំងពី​ពេលណា​មក​ឡើយ។​​ តើប្រាក់រៀលមានប្រវត្តិយ៉ាងណា ហើយចាប់ផ្តើមចរាចរពីពេលណាដែរ?

ផ្អែកលើការសិក្សាស្រាវជ្រាវទាក់ទង​នឹង​ប្រវត្តិ​នៃ​ការកកើត​ប្រាក់រៀល​នេះ​លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា “នៅ​ឆ្នាំ1863 បារាំង​បាន​ចូលមក​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ1875 បារាំង​បានផ្តល់​សិទ្ធិ​ពិសេស​ទៅឱ្យ​ធនាគារ​ឥណ្ឌូចិន ដែលជា​ធនាគារពាណិជ្ជ​មួយ​របស់​បារាំង​ដើម្បី​បោះពុម្ព​លុយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល​ប្រើប្រាស់​រួមគ្នា ដែល​ការចាប់ផ្តើម​បោះពុម្ព​លើកដំបូង​ឡើយ គឺ​បោះ​ជា​កាស (កាក់​ដែលមាន​ប្រហោង​បួន​ជ្រុង​នៅ​ចំ​កណ្ដាល)ដែលមាន​ឈ្មោះថា ព្យ៉ា​ស់(Piastre) ហើយ​ចាប់ពី​ឆ្នាំ1891ធនាគារ​ឥណ្ឌូចិនបាន​បោះផ្សាយ​ជា​ក្រដាសប្រាក់​ដោយ​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​រួមគ្នា 3ប្រទេស​គឺ កម្ពុជា វៀតណាម និង​ឡាវ ដែល​ស្ថិតនៅក្រោម​អាណានិគម​របស់​បារាំង​ដូចគ្នា។”

នៅកំឡុងពេលនោះ ប្រទេសទាំងបីដែលប្រើរូបិយវត្ថុ​រួមគ្នា​នាពេលនោះ​ឈ្មោះ​ក្រដាសប្រាក់​ប្រើ​រួមគ្នា​នោះ​គឺ ព្យ៉ា​ស់(Piastre) គឺមានប្រទេសកម្ពុជា វៀតណាម និងឡាវ។ ដោយផ្អែកតាម​ឯក​តា​លុយ​ទៅតាម​ប្រទេសនីមួយៗដូចជា​រៀល (កម្ពុជា)ដុង(វៀតណាម) គីប(ឡាវ)ផងដែរ ដូច្នេះ​ឈ្មោះលុយ​រៀល​នេះ គឺត្រូវបានដាក់ឲ្យប្រើប្រាស់មុនពេល​ចាប់ផ្តើម​​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ទៅទៀត។ នៅ​ឆ្នាំ1948 បារាំង​បាន​ដកសិទ្ធិ​ពី​ធនាគារ​ឥណ្ឌូចិន​ឈប់​ឱ្យ​បោះពុម្ព​ក្រដាសប្រាក់​ទៀតហើយ។​ ​នៅ​ឆ្នាំ1952 បារាំង​បាន​បង្កើត​វិទ្យាស្ថាន​បោះផ្សាយ​នៃ​រដ្ឋ​កម្ពុជា-វៀតណាម-ឡាវ​ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ (ជិត​ស្ពាន​នាគ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ)ដើម្បី​បោះផ្សាយ​រូបិយវត្ថុ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ទាំងបី។

ក្រោយ​ពេលដែល​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ធ្វើការ​ទាមទារ​ឯករាជ្យ​នៅ​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ1953 រួចមក នៅ​ឆ្នាំ1954 ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគមនិយម​បារាំង ហើយ​ចាប់ផ្តើម​បង្កើត​ធនាគារកណ្តាល​ជា​របស់​ខ្លួនឯង​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី23 ខែធ្នូ ឆ្នាំ1954 និង​បានធ្វើការបោះពុម្ព​ប្រាក់រៀល​ដោយ​ចាប់ផ្ដើម​ដាក់ឱ្យ​ធ្វើចរាច​រណ៍​ឡើងវិញ​សាជាថ្មី​នៅ​ខែកញ្ញា ឆ្នាំ1955។

ចាប់ពីពេលនោះ​មក​កម្ពុ​ជា​អាច​កំណត់ដោយ​ខ្លួនឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ និង​បរិមាណរូបិយវត្ថុ​ដែល​ត្រូវ​បោះផ្សាយ ព្រមទាំង​គោលនយោបាយ​ពាណិជ្ជកម្ម​ជាតិ​ជាដើម។ ប៉ុន្តែ​ក្រោយមក​ការធ្វើចរាចរណ៍​ក្រដាសប្រាក់​ត្រូវបាន​អាក់ខាន​ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​របប​ខ្មែរក្រហម​ប៉ុលពត(ក្នុង​ឆ្នាំ1975) ដែល​បាន​លុបបំបាត់​ការប្រើប្រាស់​ប្រាក់រៀល​ទាំងស្រុង។

តែ​ជាក់ស្តែង ក្នុងសម័យ​ប៉ុលពត​ក៏មាន​ការបោះពុម្ព​ក្រដាសប្រាក់​ផងដែរ តែ​ដោយ​ការពិភាក្សាគ្នា និង​ការឯកភាព​ដែលមាន​ទស្សនៈ​ថា “លុយ​គឺជា​ប្រភព​នៃ​ការកេងប្រវ័ញ្ច និង​ជិះជាន់” ទើប​នៅក្នុងសម័យ​ប៉ុលពត ក្រដាសប្រាក់​មិនត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នោះឡើយ ក្រោម​ហេតុផល​លុបបំបាត់​វណ្ណៈ​អ្នកមាន និង​អ្នកក្រ ទើប​ធ្វើឱ្យ​ការប្រើប្រាស់​រូបិយវត្ថុ​ប្រាក់រៀល​ត្រូវបាន​អវត្តមាន​ជា​បណ្ដោះអាសន្ន​ដោយ​បរិយាយ។

ប្រសិនបើលោកអ្នកត្រូវការកម្ចីឆាប់រហ័ស និងទាន់ពេលវេលាសម្រាប់អាជីវកម្ម និងចំណាយផទាល់ខ្លួន កុំភ្លេចទាញយក កម្មវិធីស្ពាននៅទីនេះ

ក្រោយពី​របប​ប៉ុល ពត​ត្រូវបាន​ផ្ដួលរំលំ​នៅ​ឆ្នាំ1979 ប្រាក់រៀល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ​នៅ​ថ្ងៃទី20 ខែមីនា ឆ្នាំ1980មកទល់​បច្ចុប្បន្ន ហើយ​ត្រូវបាន​ធ្វើឱ្យ​ល្អប្រសើរ​ឡើងវិញ​ជា​លំដាប់ ដោយមាន​រូបភាព​វីរបុរស​ខ្មែរ និង​ប្រជាជន និង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​សាមគ្គីភាព​ជាតិ។

លោក​ឃូ វុ​ឍ្ឍី បញ្ជាក់ថា ប្រាក់រៀល​មាន​សារៈសំខាន់​ណាស់ សម្រាប់​បង្ហាញ​ពី​អធិបតេយ្យភាព​រូបិយវត្ថុ ហើយ​រូបិយវត្ថុ​ក៏​ពាំនាំ​នូវ​សារ​នានា​ទៅដល់​ប្រជាពលរដ្ឋ ដូចជា​បង្ហាញ​ពី​ស្នាដៃ​ថ្នាក់ដឹកនាំ សក្តានុពល​ពាណិជ្ជកម្ម និង​ភាព​រីកចម្រើន​សេដ្ឋកិច្ច និង​វប្បធម៌​ជាតិ​ជាដើម ជាក់ស្ដែង​រូបភាព​នៃ​ស្នាមញញឹម​របស់​នារី​ក​សិ​ករ​ដែល​កំពុង​ច្រូតស្រូវ រំលេច​នៅលើ​ផ្នែក​ខាងក្រោយ​នៃ​ក្រដាសប្រាក់ 2,000រៀល គឺជា​ការឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នា​គ្រប់​សម័យកាល។ នៅ​ផ្ទៃ​ខាងមុខ​មាន​រូប​ប្រាសាទព្រះវិហារ​ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ2008 ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​វប្បធម៌​ដ៏​ល្បីល្បាញ​របស់​កម្ពុជា។ ប៉ុន្តែ​រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ ធនាគារជាតិ​បានធ្វើ​បច្ចុប្បន្នភាព ឬ​ទំនើបកម្ម​ក្រដាស​ប្រាក់រៀល​គ្រប់​ប្រភេទ​ជាថ្មី ដោយ​ក្រដាស​ប្រាក់រៀល​ថ្មី​ទាំងឡាយ​សុទ្ធ​តែមាន​បង្កប់លក្ខណៈពិសេស​ដូចជា បច្ចេកវិទ្យា Holograms រូប​ផុស ខ្សែ​បង្កប់​សុវត្ថិភាព​អក្សរពុម្ពតូចៗ និង​សរសៃអំបោះ​ឆ្មារ​នៅលើ​ក្រដាស​ប្រាក់រៀល​ចាប់ពី 10,000រៀល​ឡើងទៅ។

នៅលើ​ក្រដាសប្រាក់ 100,000 (មួយ​សែន) រៀល មាន​បង្កប់​លក្ខណៈពិសេស 37មុខ និង​នៅលើ​ក្រដាស 10,000រៀល 20,000រៀល និង 50,000រៀល​មាន​លក្ខណៈពិសេស​បង្កប់​ជាង 30មុខ។ ក្រដាសប្រាក់​ថ្មី​ទាំងនេះ ក៏មាន​លក្ខណៈពិសេស​ដែល​ជួយ​ដល់​អ្នក​ពិការភ្នែក​ឱ្យបាន​ដឹងផង​ដែរ។ ក្រដាសប្រាក់ 5,000រៀល 10,000រៀល 20,000រៀល និង 100,000រៀលសុទ្ធ​តែមាន​តួអក្សរ​ប្រៃ​ល៍ (Braille) សម្រាប់​អ្នក​ពិការភ្នែក​ស្ទាប ចំណែក​ក្រដាសប្រាក់​ដែលមាន​តម្លៃ​ទាប​ជាង​នេះ គឺ​បាន​បោះពុម្ព​ក្នុង​ទំហំខុសៗគ្នា​ដើម្បី​ជួយ​ឱ្យ​ជនពិការភ្នែក​ស្រួល​ចំណាំ​ផងដែរ៕

ប្រភព:តើ​ប្រាក់រៀល​ខ្មែរ​ចាប់ផ្តើម​ចរាចរ​លើ​ទីផ្សារ​តាំងពី​ពេលណា​មក? (n.d.). Retrieved May 16, 2019, from www.lareine.com.kh: http://www.lareine.com.kh/news/eco-bussiness/20526/