ផ្សេងៗ

ធ្វើការរួមគ្នាមានប្រយោជន៍អ្វីខ្លះ?

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

កន្លែងធ្វើការរួម ឬ Coworking space កំពុងទទួលបានប្រជាប្រិយភាព នៅជុំវិញពិភពលោក។ តើមូលហេតុអ្វីបានជាកន្លែងធ្វើការរួម ទាក់ទាញប្រជាប្រិយភាព ជាពិសេសពីសំណាក់សហគ្រិននិងអ្នកធ្វើការឯករាជ្យ?  

១. ភាពបត់បែន 

អត្ថប្រយោជន៍ដ៏ចំបងនៃកន្លែងធ្វើការរួម គឺភាពបត់បែនរបស់វា។ អ្នកអាចចំណាយពេលធ្វើការ ទៅតាមពេលវេលាដែលអ្នកចង់់។ ជាទូទៅ ម៉ោងធ្វើការនៅឯការិយាល័យ មានខ្ទង់ ៧ ទៅ ៨ ម៉ោង តែសម្រាប់កន្លែងធ្វើការរួម អ្នកអាចកំណត់ម៉ោងធ្វើការតាមចិត្តរបស់អ្នក។ ក្រៅពីនេះ កន្លែងធ្វើការរួម មានជម្រើសការិយាល័យជាច្រើន សម្រាប់ឱ្យអ្នកជ្រើសរើសដូចជា ប្រភេទ Hot Desks (ជម្រើសដែលមានតម្លៃសមរម្យ មានភាពបត់បែន ងាយស្រួលប្ដូរទីតាំង និងជួបមនុស្សថ្មីៗ) Private Office (ជម្រើសសម្រាប់អ្នក ដែលចង់បានភាពស្ងប់ស្ងាត់បន្តិច) Team Tables (ជម្រើសសម្រាប់អ្នកធ្វើការជាក្រុម) និងផ្សេងៗទៀត។ 

២. ការកសាងបណ្ដាញ 

ជាការពិតណាស់ ការកសាងបណ្ដាញមានសារៈសំខាន់ សម្រាប់ការប្រកបអាជីវកម្ម។ ជាមួយនឹងកន្លែងធ្វើការរួមគ្នា អ្នកអាចបង្កើតបណ្ដាញបានយ៉ាងងាយស្រួល ព្រោះអ្នកមានលទ្ធភាពជួបមនុស្សប្លែកៗ ជាមួយនឹងគំនិតផ្សេងៗ ដែលអាចជួយបណ្ដុះគំនិតរបស់អ្នក។ 

៣ ផលិតភាពខ្ពស់

នៅពេលដែលអ្នកធ្វើការក្នុងបរិស្ថានរួមគ្នា អ្នកនឹងមានអារម្មណ៍ថា ការងារនិងផលិតភាពខ្ពស់ជាងមុន ព្រោះបុគ្គលិកធ្វើការរួមគ្នា បង្កើតបានជាបរិស្ថានមួយដែលមានភាពប្រកួតប្រជែង។ អ្នកនឹងមានភាពសកម្មជាងមុន ម្យ៉ាងវិញទៀត នៅពេលដែលធ្វើការរួមគ្នា អ្នកនឹងមិនសូវមានអារម្មណ៌ធុញថប់ ស្មុគស្មាញ ព្រោះអាចឆ្លៀតពេលជជែកគ្នាលេងឬរំលែកការងារគ្នា។

៤. ការផ្ចង់ស្មារតីនឹងធឹងជាងធ្វើការពីផ្ទះ 

មនុស្សមួយចំនួនចូលចិត្តធ្វើការងារពីផ្ទះតែម្ដង ជាពិសេសសម្រាប់អ្នកធ្វើការបែបឯករាជ្យ ព្រោះពួកគេគិតថា វាមានភាពងាយស្រួល អាចធ្វើអ្វីបានតាមចិត្ត។ ប៉ុន្តែវាពិបាកត្រង់ថា ពួកគេអាចជួបបញ្ហារំខានផ្សេងៗ ដូចជា ក្មេងៗឡូឡា អារម្មណ៍ចង់មើលទូរទស្សន៍ ការរំខានពីសត្វចិញ្ចឹម -ល-។ កន្លែងធ្វើការរួម ជាដំណោះស្រាយដ៏ល្អ ព្រោះវាមានសមតុល្យរវាងការកម្សាន្តនិងការធ្វើការ ហើយអ្នកនឹងមិនខាតពេលវេលាឡើយ។ 

 នៅប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្ដង កន្លែងធ្វើការរួមមាននៅ Impact Hub Phnom Penh, Emerald Hub, The Green Penthouse, The Desk Coworking Space, Tek Hub និងផ្សេងៗទៀត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះកន្លែងធ្វើការរួម?