អាជីវកម្ម

កត្ដាដែលអាចឲ្យជំនួញអ្នកបរាជយ័

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។

១. មិនចេះទាក់ទាញអតិថិជន

ជាការពិតណាស់បើចង់ឲ្យអាជីវកម្មមួយដំណើរការយ៉ាងរលូននិងទទួលបានការគាំទ្រច្រើន អ្នកចាំបាច់ត្រូវចេះគោរពនិងឲ្យតម្លៃអតិថិជន។ ដូចគេថា អតិថិជនជាស្ដេច រាល់ផលិតផលទាំងសុទ្ធសឹងតែបង្កើតឡើងដើម្បីតម្រូវការភ្ញៀវ។ ពាក្យសម្ដី កាយវិការ និង សេវាកម្មល្អ អាចជួយអ្នកក្នុងការរីកធំធាត់ ព្រោះអតិថិជនទាំងនោះមានទំនុកនិងជួយផ្សព្វផ្សាយបន្ដ។ បើអ្នកខ្វះខាតចំណុចទាំងនេះវាអាចនឹងធ្វើឲ្យជំនួញរបស់អ្នកយ៉ាប់យើន ថាមិនត្រូវអាចនឹងស្អុយឈ្មោះដោយសារអាកប្បកិរិយារបស់បុគ្គលិកមួយចំនួន។

២. ការគ្រប់គ្រងដែលគ្មានគុណភាព

ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។

៣. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ

សហគ្រិនថ្មីថ្មោងខ្លះខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពោលគឺគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួន ឡូកឡំជាមួយគណនីសម្រាប់ការរកស៊ី អាស្រយ័ហេតុនេះហើយទើបពួកគាត់មិនអាចតាមដានបានដិតដល់ពីចំណូលចំណាយអាជីវកម្មដែលជាការធ្វេសប្រហែសមួយ។