ការវិនិយោគ

៣ ចំនុចត្រូវគិតមុនទិញផ្ទះ

លោកអ្នកគួរមានប្រាក់ចំណូលប៉ុន្មាន ដើម្បីទិញផ្ទះបង់រំលស់ជាមួយធនាគារ?

 

លោកអ្នកដឹងទេថា ប្រាក់ចំណូលរបស់លោកអ្នកអាចទិញផ្ទះបង់រំលស់នៅក្នុងតម្លៃប៉ុន្មាន? ហើយលោកអ្នកនឹងមិនមានបញ្ហាហិរញ្ញវត្ថុពេលក្រោយនោះ?

មុនននឹងឈានដល់ចំនុចសំខាន់ៗនោះ ខាងយើងខ្ញុំសូមធ្វើការពន្យល់ពី ការបង់រំលស់ផ្ទះជាមួយធនាគារសិន។ ការបង់រំលស់ផ្ទះជាមួយធនាគារ គឺមានន័យថាអ្នកស្នើកម្ចីប្រាក់ពីធនាគារ ដើម្បីទិញគេហដ្ឋាន ហើយអ្នកបង់រំលស់ជាប្រចាំខែ ស្របទៅតាមថេរៈវេលា ដែលអ្នក និង ធនាគារយល់ព្រមជាមួយគ្នា។

 

១. ជ្រើសរើសប្រភេទផ្ទះ

ជាទូទៅ ទីលំនៅដែលអ្នកប្រាថ្នារមែងខុសគ្នាពីម្នាក់ទៅម្នាក់ ស្របគ្នានេះដែរប្រភេទផ្ទះក៏ត្រូវបានបែងចែកនិងកសាងឡើងតាមតម្រូវការរបស់មនុស្ស។ អាស្រយ័ហេតុនេះហើយ មុនសម្រេចចិត្តទិញផ្ទះអ្នកគប្បីសិក្សាស្វែងយល់ ឬ ពិភាក្សាជាមួយដៃគូជាមុនសិន ថាតើអ្នកចង់ទិញ ផ្ទះល្វែង វីឡា វីឡាកូនកាត់ សបហ៊ោស ផេនហ៊ោស ឬ ផ្ទះមួយជាន់ធម្មតា តាមចំណង់ចំណួលចិត្តឬថវិការ។ ទីតាំងក៏មានសារៈសំខាន់ដែរ បើអ្នកចូលចិត្តស្ងប់ស្ងាត់គួរជ្រើសរើសនៅបុរី បើចូលចិត្តអ៊ូអរគួរទិញផ្ទះណាជិតផ្សារ។

២. តម្លៃ
តម្លៃផ្ទះ គឺមានសារៈសំខាន់ណាស់សម្រាប់លោកអ្នកដែល ធ្វើការបង់រំលស់ជាមួយធនាគារ ព្រោះថា ភាគីធនាគារផ្ដល់ប្រាក់កម្ចីដល់អ្នកយ៉ាងច្រើនបាន ៧០% ប៉ុណ្ណោះ។ ហើយម៉្យាងវិញទៀត មុននឹងធនាគារធ្វើការអនុម័តផ្ដល់ប្រាក់កម្ចីដល់អ្នក ខាងភ្នាក់
ងារធនាគារ ប្រាកដជាចង់ដឹងពីលំហូរចំណូលរបស់អ្នកជាក់ជាមិនខានឡើយ។ ឧ. លោកអ្នកទិញផ្ទះល្វែង មួយល្វែង តម្លៃ ៥០,០០០ ដុល្លារ ហើយលោកអ្នកខ្ចីធនាគារ ៣៥,០០០ ដុល្លារ ស្មើរនឹង ៧០% នៃតម្លៃផ្ទះ។ ខាងធនាគារផ្ដល់អត្រាការប្រាក់ដល់លោកអ្នក ៩% ក្នុងឆ្នាំ និង រយៈនៃការសង់រំលស់ ១៥ឆ្នាំ នោះលោកអ្នក នឹងបង់មួយខែ ៤៥៥ ដុល្លារ។ខាងក្រុមហ៊ុនស្ពាននឹងបង្ហាញលោកអ្នក អំពីការគណនាប្រាក់ចំណូលរបស់លោកអ្នកសម្រាប់ទិញគេហដ្ឋាននូវចំណុចបន្ទាប់។

៣. មានផែនការណ៍ចំណូល ចំណាយច្បាស់លាស់
ពិតប្រាកដណាស់ មុននឹងលោកអ្នកសម្រេចចិត្តធ្វើការវង់រំលស់ទិញផ្ទះ ជាមួយធនាគារ អ្នកត្រូវរៀបចមផែនការចំណាយចំណូលអោយបានច្បាស់លាស់ជាមុនសិន ជៀសវាងជួបវិបត្តិហរិញ្ញវត្ថុ។ ខាងក្រោមនេះជារបៀបគណនារកលទ្ធភាពដែលអ្នកបង់រំលស់ផ្ទះ៖
ឧ. លោកអ្នកមានប្រាក់ចំនូល ៨០០ ក្នុងមួយខែ ហើយលោកអ្នកចំណាយ ៤០០ក្នុងមួយខែ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ប្រាក់ចំណូលសរុបប្រចាំខែ – ចំណាយសរុបប្រចាំខែ= ចំណូលដែលនៅសល់ x 75% = លទ្ធភាពបង់រំលស់ជាមួយធនាគារ
800$ – 400$ = 400$ x75%=300$
យោងតាមការគណនាឃើញថា លោកអ្នកអាចមានលទ្ធភាព 300$។ ដូច្នេះលោកអ្នកអាចយកវិធីនេះ សម្រាប់គណនាដោយខ្លួនឯងផ្ទាល់បាន ដោយគ្រាន់តែលោកអ្នកកំណត់អោយបានច្បាស់ចំណូល និង ចំណាយរបស់លោកអ្នក។