ការវិនិយោគ

ផ្ទះនិងដី គួរទិញមួយណា?

ទិញផ្ទះ ឬ ទិញដី សុទ្ធមានសារៈប្រយោជន៍របស់វារៀងៗខ្លួន តែអ្វីដែរសំខាន់គោលបំណងរបស់អ្នក ទិញក្នុងគោលបំណងអ្វី? អ្នកត្រូវបែងចែកអោយច្បាស់ថាអ្នកទិញសម្រាប់វិនិយោគ ទុកចំនេញពេលក្រោយ ឬសម្រាប់រស់នៅ?

ដូច្នេះស្ពាននឹងចែករំលែកចំណុចខ្លះសម្រាប់អ្នកដែលពិបាកសម្រាប់ចិត្តថាទិញអ្វីល្អជាង។

 

១. ទិញផ្ទះសម្រាប់រស់នៅ
បើអ្នកមិនទាន់មានផ្ទះជាកម្មសិទ្ធរបស់ខ្លួនទេ ទិញផ្ទះសម្រាប់រស់នៅ ជារឿងដំបូងដែលអ្នកត្រូវតែធ្វើ នឹងសាកសមបំផុតសម្រាប់អ្នក ព្រោះអ្នកទិញហើយ អ្នកអាចចូលរស់នៅបានភ្លាមៗ ឬចំណុចពិសេសមួយទៀតនោះ បើអ្នកទិញបង់រំលស់ទៀតនោះ អ្នកគួរតែទិញផ្ទះ ព្រោះអ្នកត្រូវចំណាយប្រាក់សម្រាប់បង់រំលស់ប្រចាំខែ ដោយប្រាក់មួយចំណែក អ្នកចំនេញ ពីប្រាក់ដែលអ្នកធ្លាប់បង់ថ្លៃផ្ទះជួលរាល់ខែនោះ។

ដោយឡែក បើអ្នកចង់ទិញដីសម្រាប់សាងសង់ផ្ទះខ្លួនឯង អ្នកត្រូវចំណាយពេលសម្រាប់ការសាងសង់ ហើយកំឡុងពេលសាងសង់អ្នកនៅតែចំណាយថ្លៃជួលផ្ទះនៅបណ្ដេះអាសន្នសិន ទម្រាំផ្ទះរបស់អ្នកសាងសង់រួច។ មួយវិញទៀត
បើអ្នកមានបំណងចង់ទិញបង់រំលស់ទៀតនោះ ធ្វើអោយអ្នកចំណាយពេលយូរ ព្រោះទម្រាំអ្នកបង់រំលស់ដីដាច់ អ្នកត្រូវមានប្រាក់សម្រាប់សាងសងផ្ទះទៀត នោះធ្វើអោយអ្នកត្រូវសន្សំប្រាក់យូរសម្រាប់ផ្ទះមួយ។

២. ទិញសម្រាប់វិនិយោគ ទុកចំនេញថ្ងៃក្រោយ
ការវិនិយោគលើអចលនទ្រព្យទាំងពីរប្រភេទនេះសុទ្ធសឹងតែផ្ដល់ផលចំណេញនៅពេលក្រោយ។ ជាក់ស្ដែង បើអ្នកវិនិយោគលើការទិញដី អ្នកអាចចំណេញបានលឿនជាងផ្ទះ ប៉ុន្ដែក្នុងរូបរាងជាតម្លៃនិងហាងឆេងដីតែប៉ុណ្ណោះ។ លុះត្រាតែអ្នកលក់ដីមួយដុំនោះចេញ ទើបឃើញថ្លៃចំណេញបន្ទាប់ពីរយៈពេលទិញទុកជាសាច់ប្រាក់សុទ្ធ។ ឧទាហរណ៍៖ អ្នកទិញដីតម្លៃ ១០,០០០ ដុល្លារទុក្ខរយៈពេល១ឆ្នាំ ហើយក្នុងមួយឆ្នាំឡើងបាន ៣០% ដូច្នេះបើគិតជាថ្លៃលក់ចេញសរុបអ្នកអាចទទួលបាន ១៣០០០ ដុល្លារ។ យ៉ាងណាមិញបើទោះបីជា តម្លៃផ្ទះមានការកើនតម្លៃគិតជាភាគរយតិចជាង ដីក៏ដោយ ប៉ុន្តែផ្ទះអ្នកអាចដាក់វាជួល បង្កើតបានជាចំណូលប្រចាំខែបាននិងទទួលបានចំណូលរយៈពេលយូរ។  បើថ្ងៃមួយអ្នកចង់លក់វាចេញអ្នកក៏ប្រាកដជាទទួលបានថ្លៃចំណេញពីលើថ្លៃដើមផងដែរ។