កម្ចី

កុំខ្ចីលុយគេដោយសារតែរបស់ទាំង៤នេះ

ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួនតូច ពួកគេបានប្រើប្រាស់ប្រាក់កម្ចី មិនថាតិចឬច្រើន គ្រាន់តែបំពេញបំណងឬតណ្ហារបស់ខ្លួនប៉ុណ្ណោះ ដោយមិនបានគិតគូរវែងឆ្ងាយ។ ដូចនេះ ស្ពានសូមលើកពី របស់របរ ៤ យ៉ាងដែលអ្នកគួរជៀសវាងខ្ចីលុយ ដើម្បីគ្រាន់តែបានរបស់ទាំងនេះ។

១. យាន្តជំនិះ

សូមកុំខ្ចីលុយអ្នកដទៃ ដើម្បីល្អហឹរហារទិញឡាន ទិញម៉ូតូជិះអួតអ្នកស្រុក ប៉ុន្ដែតាមពិតខ្ចីលុយគេមកទិញសោះ។ របស់ទាំងនេះមិនបានផ្ដល់ផលចំណេញដូចអចលនទ្រព្យទេ ទិញទុកយូរកាន់តែខាតបង់ច្រើន ហើយពេលមានគ្រោះថ្នាក់ប៉ះពារអ្វីកើតឡើងអ្នកត្រូវចំណាយលើវាច្រើន លើសពីនេះទៅទៀតអ្នកត្រូវការចំណាយលុយសម្រាប់ថែទាំជាប្រចាំ។

២. ដំណើរកំសាន្តសម្រាកលំហែកាយ

សូមចងចាំថា អ្នកមិនគួរជំពាក់លុយគេ ដើម្បីដំណើរកំសាន្តរបស់អ្នកនោះទេ។ អ្នកមិនគួរខ្ចីលុយគេ ព្រោះតែអ្នកចង់ទៅលេងក្រៅប្រទេស ឬដើរលេងនៅកន្លែងថ្លៃៗ។ ផ្ទុយទៅវិញ អ្នកអាចងាកមកទិញកញ្ចប់ដើរកំសាន្ត ជាលក្ខណៈក្នុងស្រុកនិងមានតម្លៃសមរម្យ សមទៅនឹងលទ្ធភាពរបស់អ្នក។

៣. របស់របរប្រេនៗ

ជាការពិតណាស់ អ្នកណាមិនចង់ស៊ីវីល័យ ទាន់សម័យនិយមនឹងគេ។ ប៉ុន្តែអ្នកមានដែលធ្លាប់គិតទេថា ការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ? អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ អ្នកគួរឈប់ទិញរបស់របរប្រេនៗណា ដែលមិនចាំបាច់សម្រាប់អ្នកទៀត ដើម្បីសន្សំលុយកាក់ខ្លះៗ។

៤. ល្បែងស៊ីសង

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺ ឬក៏បានជួបប្រទះដោយផ្ទាល់ នូវមនុស្សដែលជំពាក់លុយគេវ័ណ្ឌក ដោយសារតែល្បែងស៊ីសង។ អ្នកត្រូវជៀសវាងឱ្យឆ្ងាយពីអំពើអបាយមុខនេះ ព្រោះមិនត្រឹមតែអ្នកអាចអស់ប្រាក់កាក់ពីខ្លួន ជំពាក់គេជុំទិសនោះទេ អ្នកក៏អាចជាប់ពន្ធធនាគារផងដែរ។ សូមអ្នកកុំឱ្យ “សប្បាយមួយភ្លែត ទុក្ខមួយជីវិត” ដោយសារបញ្ហាល្បែងស៊ីសងនេះ។