ការចំនាយ

តថ្លៃយ៉ាងណាបានថោក?

Posted on

នៅពេលអ្នកដើរកំសាន្តនៅតាមរមណីយដ្ឋាននានា អ្នកប្រាកដជាមានអារម្មណ៍ចង់ទិញនេះទិញនោះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍និងការចងចាំនៃតំបន់ដែលអ្នកដើរលំហែ។ តែជួនកាលការទិញទំនិញ នៅក្នុងអំឡុងដំណើរកំសាន្ត អាចធ្វើឱ្យអ្នកចំណាយលើសពីការព្រាងទុក។ ដូចនេះ អ្នកប្រហែលជាចង់ត្រូវការតថ្លៃជាមួយអ្នកលក់  ដើម្បីទុកលុយកាក់ខ្លះទៅផ្ទះវិញ។ សូមអានវិធីខ្លីៗខាងក្រោមនេះ។  ១. ញញឹមក្នុងពេលចរចារ  អ្នកមិនគួរគិតថា ការតថ្លៃរបស់របរជាមួយអ្នកលក់ ជាការឈ្លោះប្រកែកគ្នាដាច់អហង្ការឡើយ។ ផ្ទុយទៅវិញ អ្នកគួរចរចារតម្លៃ ដោយស្នាមញញឹមនិងសម្ដីផ្អែមត្រជាក់ ដើម្បីឱ្យអ្នកលក់អាចទន់ចិត្ត ក៏ដូចជា ប្រាប់ហេតុផលសមរម្យដល់ពួកគាត់ផងដែរ ថាហេតុអ្វីបានជាអ្នកចង់បញ្ចុះតម្លៃដូចនេះ?   ២. កុំបង្ហាញលុយរបស់អ្នក មុនពេលត្រូវរ៉ូវតម្លៃគ្នា  ឧបមាថា អ្នកដកលុយចេញពីហោប៉ាវ ហើយរាប់លុយនៅនឹងមុខអ្នកលក់។ បើសិនអ្នកលក់ឃើញអ្នកមានលុយច្រើន ភាគរយនៃការបញ្ចុះតម្លៃជូនអ្នក ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរត្រៀមទុកដាក់លុយឱ្យបានសមគួរ។  ៣. អត់ធ្មត់  ពាក្យចាស់ពោលថា “សន្សឹមៗ កុំបំបោល”។ តថ្លៃក៏អ៊ីចឹង។ អ្នកមិនគួរប្រញ៉ាប់ប្រញាល់ឈប់តថ្លៃភ្លាមៗនោះទេ។ អ្នកគួររង់ចាំមើលស្ថានភាព និងធ្វើការចរចារដោយកាយវិការទន់ភ្លន់។  ៤. សរសើរអ្នកលក់  “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់”…ការសរសើរមនុស្សធ្វើឱ្យពួកគេរីករាយ។ អ្នកអាចនិយាយថា “បងចិត្តល្អណាស់។ ជួយបញ្ចុះថ្លៃតិចម៉ោណា!”   ៥. តថ្លៃហើយធ្វើជាដើរចេញ វិធីសាស្ត្រអ្នកប្រាកដជាធ្លាប់ជួប រាល់ពេលដើរផ្សារជាមួយអ្នកម្ដាយជាទីស្រលាញ់។ ពេលខ្លះគាត់តថ្លៃហើយ តែអ្នកលក់នៅមិនព្រមលក់ឲ គាត់ក៏ធ្វើដើរចេញ។ ភ្លាមៗនោះ អ្នកលក់ក៏ហើយមកវិញ លក់ឲក្នុងតម្លៃដែលបានតដូចបំណង។ កុំភ្លេចសាកល្បងវិធីតថ្លៃទាំង ៥ នេះ ទាំងអស់គ្នាណា! ខ្ញុំក៏នឹងសាកដែរ នៅពេលដំណើរកំសាន្តលើកក្រោយ។

អាជីវកម្ម

តើខ្ញុំអាចរកការងារធ្វើបាននៅទីណា?

Posted on

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។  ១. គេហទំព័រ  អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.bongjob.com, www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។    ២. បណ្ដាញសង្គម   បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។   ៣. ពិព័រណ៍ការងារជាតិ  ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។    ៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក  វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information (Cambodia) Co.,Ltd ជាដើម។   ៥. តាមរយៈ LinkedIn វាគឺជាកម្មវិធីមួយដែលអនុញ្ញាតឲអ្នកបង្ហោះពីជីវប្រវត្តិរបស់អ្នកជាសាធារណៈ ដែលក្នុងនោះមានមនុស្សជាច្រើនបានចូលរួម។ វាមានលក្ខណៈទូលំទូលាយ មិនមែនតែត្រឹមត្រូវក្នុងស្រុកខ្មែរទេ គឺជុំវិញពិភពលោក។ នៅក្នុងប្រទេសកម្ពុជា វិធីដ៏សាមញ្ញបំផុតសម្រាប់ស្វែងរកការងារគឺ សាកសួរមិត្តភក្ដិឬសមាជិកគ្រួសាររបស់អ្នក។ ជាចុងបញ្ចប់ សូមកុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់ទាំងស្មារតីនិងរាងកាយ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក នៅក្នុងពេលសម្ភាសការងារ។ សូមសំណាងល្អក្នុងកិច្ចសម្ភាសក្រោយរបស់អ្នក! 

ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ជម្រើសរវាងការជួលឡាននិងទិញឡាន

Posted on

នៅប្រទេសកម្ពុជា ប្រជាជនយើងភាគច្រើនចូលចិត្តទិញឡានជាជាងជួលឡាន ហើយការទិញឡានតែងតែធ្វើឲ្យគាត់បានជំពាក់ប្រាក់នៅធនាគារជាច្រើន ប៉ុន្តែនៅប្រទេសយើងក៏មានសេវាកម្មមួយដែលអាចឲ្យអ្នកជួលឡានដូចគ្នាដែរ។  ការសម្រេចចិត្តថាតើអ្នកគួរតែទិញឬមួយក៏ជួលឡានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឡានគឺជារបស់ដែលមានរយៈកាលកំណត់ នេះគឺជាមូលហេតុដែលនាំឲ្យអ្នកគិតថាការជួលឡានគឺជាជម្រើសដ៏ល្អ។ តែប្រសិនបើអ្នកបានឃើញថាតម្លៃឡានដែលអ្នកចង់បានមានតម្លៃថ្លៃខ្លាំងនោះ អ្នកនឹងមានចិត្តចង់ជួលឡានជាមិនខាន។ថ្ងៃនេះស្ពាននឹងជួយអ្នកធ្វើការប្រៀបធៀបបានរវាងការទិញឡាននិងការជួលឡាននៅប្រទេសកម្ពុជា។ តោះយើងអានជាមួយគ្នា។ ម្ចាស់កម្មសិទ្ធ នៅពេលដែលអ្នកបានទិញឡាន អ្នកបានក្លាយជាម្ចាស់កម្មសិទ្ធឡាននោះ។ ទោះបីជាអ្នកបានខ្ចីប្រាក់ពីធនាគារក្ដី ប៉ុន្តែចុងក្រោយឡាននោះនៅតែជាកម្មសិទ្ធរបស់អ្នកដដែល។ វាមានការងាយស្រួលក្នុងការទិញឡានណាដែលអ្នកមានសមត្តភាពទិញ។​ ប៉ុន្តែនៅពេលដែលអ្នកជួលឡានវិញអ្នកគ្រាន់តែក្លាយជាម្ចាស់កម្មសិទ្ធឡាននោះតែរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ ក្រោយពីអ្នកប្រើវាហើយដល់ពេលកំណត់ កិច្ចសន្យា​ (ជាទូទៅមានរយៈពេល១ឆ្នាំក្នុងការជួលឡាននៅប្រទេសកម្ពុជា)។ ប្រសិនបើអ្នកមិនចង់ជួលឡាននោះម្ដងទៀត នោះគ្រាន់តែប្រគល់កូនសោវិញទៅអ្នកជួលរថយន្ដហើយ បក់ដៃលាទៅឡានដែលអ្នកបានជួលទៅជាការស្រេច។​ ការចំណាយប្រចាំខែ ប្រសិនបើអ្នកខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្ដ។​ ជាប្រាកដណាស់ វាមានតម្លៃថ្លៃជាងជួលឡាន ពីព្រោះតែអ្នកត្រូវទូទាត់និងគិតតម្លៃទិញឡានទាំងអស់ និងបូកបន្ថែមថ្លៃផ្សេងៗដូចជាថ្លៃបង់ពន្ធនិងថ្លៃសេវាផ្សេងៗ។​ ប៉ុន្តែក្នុងការបង់ថ្លៃជួលឡានវិញច្បាស់ណាស់គឺមានតម្លៃថោកជាងការទិញឡាន ពីព្រោះអ្នកបង់ត្រឹមតែការរំលោះយានយន្ដក្នុងកំឡុងពេលជួលតែប៉ុណ្ណោះ។ ការបង់ប្រចាំខែរបស់អ្នកប្រហែលជាមានតម្លៃតិចជាងប្រសិនបើអ្នក​សម្រេចចិត្តទិញឡាន។ នៅពេលដែលប្ដូរឡាន ប្រសិនបើអ្នកសម្រេចចិត្តថាចង់ដូរឡានថ្មី អ្នកត្រូវតែរ៉ាបរងជាមួយការលក់ព្រមទាំងពិបាកក្នុងការរកអ្នកទិញ។ ប្រសិនបើអ្នកទិញទិញឡាន អ្នកត្រូវការដោះស្រាយគ្រប់យ៉ាងទៅលើឡានរបស់អ្នក ហើយប្រសិនបើអ្នកចង់លក់ឡាន ពីព្រោះតម្លៃឡាននឹងមានការធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជួលឡានវិញអ្នកអាចប្រគល់យានយន្ដត្រឡប់ទៅវិញនៅពេលដែលចប់កុងត្រាទៅជាការស្រេច ហើយដើរចេញដោយមិនភាពសាំញាំច្រើន។

ការចំនាយ

សំណួរដែលគួរសួរខ្លួនឯងមុនទិញអ្វីមួយ

Posted on

ការដើរទិញទំនិញក៏ជាវិធីដែលអាចកាត់បន្ថយភាពតានតឹងពីការងារ បញ្ហាប្រឈមដែលអ្នកជួបរាល់ថ្ងៃបានខ្លះដែរ។ តើអ្នកចូលចិត្តក្នុងការដើរទិញទំនិញដែររឺទេ? ចុះប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុ តើអ្នកគូរប្រើប្រាស់សាច់ប្រាក់របស់អ្នកដោយរបៀបណា ដើម្បីអោយការទិញប្រកបដោយប្រសិទ្ធភាពនោះ? ស្ពានបានយកអត្ថបទមួយមកបង្ហាញអោយអ្នកបានដឹងអំពីការសម្រេចចិត្តក្នុងការទិញប្រកបដោយប្រសិទ្ធភាព ដោយអ្នកគ្រាន់តែសួរខ្លួនឯងនូវសំណួរទាំងនេះមុននឹងសម្រេចចិត្តទិញអ្វីមួយ:      ១.តើខ្ញុំពិតជាត្រូវការរបស់នេះមែនទេ?     ២. ប្រសិនបើខ្ញុំមិនត្រូវការវា​ តើហេតុអ្វីបានជាខ្ញុំពិតជាចង់បានវា?      ៣.តើខ្ញុំប្រាកដថាខ្ញុំនឹងប្រើវាទេ? ស្លៀក​ពាក់​វាទេបន្ទាប់ពីទិញរួច?      ៤. បើខ្ញុំចំណាយប្រាក់ទាំងអស់លើវា តើខ្ញុំមានប្រាក់ដើម្បីធ្វើអ្វីផ្សេងដែរទេ?      ៥.តើការទិញនេះនឹងប៉ះពាល់ដល់លុយត្រូវសងបំណុលដែលខ្ញុំបានជំពាក់គេដែរឬទេ?      ៦.តើខ្ញុំមានលទ្ធភាពក្នុងការទិញដែរឬទេ?      ៧.តើវាបានផ្ដល់ប្រដយោជន៏អ្វីខ្លះដល់ខ្ញុំបន្ទាប់ពីទិញវា?      ៨.តើខ្ញុំអាចរកវត្ថុនេះបាននៅកន្លែងណាផ្សេងទៀតទេ? នៅពេលដែលអ្នកបានសួរខ្លួនឯងនូវសំណួរទាំងអស់នេះរួចហើយ អ្នកប្រហែលជាសម្រេចចិត្តឈប់ទិញរបស់នោះទៀតក៏ថាបាន តែប្រសិនបើអ្នកទិញមានន័យថារបស់នោះពិតជាតម្រូវចាំបាច់សម្រាប់អ្នកខ្លាំងណាស់ វាក៏បានបង្ហាញអ្នកថា អ្នកបានធ្វើការសម្រេចចិត្តល្អិតល្អន់ណាស់ ហើយការសម្រេចរបស់អ្នកក៏មានប្រសិទ្ធភាពបំផុតហើយដែរ។

ការចំនាយ

ចំណុចដែលគួរគិតគូរមុនទិញទូរសព្ទ័ស៊េរី ២០១៩

Posted on

ប្រទេសកាន់តែរីកចម្រើន ការបង្កើតថ្មីនិងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗក៏មានការកើនឡើងនៅប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗ នេះទូរសព្ទ័សេរ៊ីថ្មីឆ្នាំ២០១៨ដែលទើបតែចេញមកក្ដៅៗ បានដណ្ដើមយកទីផ្សារទូរសព្ទ័សេរ៊ីចាស់ ជាមួយរូបរាង សមត្ថភាព និងបច្ចេកវិទ្យាថ្មីស្រឡាងដើម្បីទាក់ចិត្តអ្នកប្រើប្រាស់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តវិនិយោគលើរបស់ទាំងនេះអ្នកគួរស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖ ១ តើអ្នកជាអ្នកគាំទ្រប្រពន្ធ័ប្រតិបត្តិការIOSឬ Andriod?  បើអ្នកជាអ្នកគាំទ្រប្រពន្ធ័នោះអ្នកត្រូវត្រៀមខ្លូន ក្នុងការទទួលយកប្រតិបត្តិការដែលមានលក្ខណៈសាុំញាុំបន្ដិច ម៉្យាងវិញទៀតអ្វីៗនៅក្នុងប្រតិបត្តិការនេះគឺសុទ្ធតែត្រូវការចំណាយលុយ តាំងពីការស្ដាប់ចម្រៀងក្នុង រហូតដល់ការបញ្ជាទិញមួយចំនួនសម្រាប់ប្រើប្រាស់។ ២ តម្លៃ តម្លៃទូរសព្ទ័ខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬម៉ាកយីមួយទៅម៉ាកយីហោមួយទៀត។ អាស្រយ័ហេតុនេះហើយ បើអ្នកប្រាថ្នាអាទំនើបទើបចេញនោះ ក៏ត្រូវចំណាយថ្លៃកប់ពពកតាមហ្នឹងដែរ។ បើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកមកប្រើមិនជាអ្វីនោះទេ តែសម្រាប់អ្នកដែលពុំសូវមានលទ្ធភាពគួរកុំសូវហក់លោតតាមគេពេកអី។ ទូរសព្ទ័ដូចជាiPhoneXs Max អាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅ រីឯSamsung វិញក៏មិនក្រោម៥០០ដុល្លារដែរក្នុងមួយគ្រឿង។ ៣ តើវាខុសគ្នាពីម៉ាកមុនប៉ុណ្ណា? ប្រសិនបើរាល់ថ្ងៃអ្នកមានទូរសព្ទ័Iphone 8+ ក្នុងដៃហើយ តើវាចាំបាច់ទេដែលត្រូវទិញiPhone Xs ថ្មីដែលមានប្រពន្ធ័ប្រតិបត្តិការដូចគ្នាទាំងស្រុង ដែលមានរូបរាងខុសគ្នាបន្ដិចបន្ដួច? ការចំណាយទៅលើទូរសព្ទ័ដែលគ្រាន់តែខុសគ្នាត្រង់រូបរាង ពិតជាខ្ជះខ្ជាយណាស់។ ស៊ូប្រើរបស់ទាំងនោះឲអស់លទ្ធភាព ពីលុយពិបាករកណាស់។