ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ធ្វើយ៉ាងណាទើបកូនខ្ញុំចេះសន្សំប្រាក់?

អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​

ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។

 

បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា យានជំនិះ, អង្គរក្ស, គ្រឿងអលង្ការជាដើម។

 

កំណត់គោលដៅសន្សំជាមូយកូនរបស់អ្នក៖ អ្នកអាចជួយកូនអ្នក ដើម្បីកំណត់អ្វីដែលគេចង់បាន ឬ គោលបំណងចង់ធ្វើអ្វីមួយជាមួយកូនរបស់អ្នក ដូចជាអំពើសប្បុរសធម៌, ដំណើរកំសាន្តវិស្សមកាលទៅទីកន្លែងដែល កូនអ្នកចង់ទៅ, រឺទិញកុំព្យូទ័រសំរាប់ការសិក្សារបស់គេ។ អ្នកអាចជួយកូនៗរបស់អ្នក កំណត់រយះពេលនៃការសន្សំ ហើយចំនួនទឹកប្រាក់ដែលត្រូវសន្សំក្នុងមួយថ្ងៃ។​​ ការសន្សំលើកដំបូង អ្នកអាចកំណត់វត្ថុបំណងតូចៗសិនបានហើយ ដូចជាទិញអាវយឺត រី ស្បែកជើងមួយគូរ ដើម្បីអោយគាត់បានឃើញពីលទ្ធផលជាក់ស្តែងនៅការខិតខំប្រឹងប្រែងរបស់គាត់ ហើយទង្វើនេះ បានជួយលើកទឹកចិត្តកូនអ្នកក្នុងពេលក្រោយទៀត។​​

 

បង្រៀនពួកគេឲសន្សំប្រាក់ដែលសល់៖ កូនដែលនៅក្នុងបន្ទុកឪពុកម្ដាយគឺចាំបាច់ត្រូវការទ្រទ្រង់និងឧបត្ថម្ភពីមាតាបិតាក្នុងការចាយវាយនានាប្រចាំថ្ងៃ។ ដូចនេះដើម្បីឲពួកគេយល់ដឹងពីការសន្សំ អ្នកគួរឧស្សាហ៍ដាស់តឿននិងប្រៀនប្រដៅឲពួកគេចាយលុយមានកំណត់ ពោលគឺជម្រុញពួកគេឲទុកមួយចំណែកនៃលុយសរុបដែលគេមាន ជាជាងចាយវាយទាំងស្រុង។