ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

តើគួរទិញឥវ៉ាន់តាមផ្សារឬតាមទូរសព្ទ័?

ដោយសារតែបច្ចេកវិទ្យាជឿនលឿន ការទិញទំនិញក៏លែងពិបាកទៀតដែរចង់បានអ្វីចុចនឹងបានដូចចិត្ត។ ការទិញទំនិញអនឡាញបច្ចុប្បន្ននេះត្រូវបានជ្រើសរើសជាវិធីងាយៗក្នុងការទិញឥវ៉ាន់ពីសំណាក់យុវជនខ្មែរ។  យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តដើរផ្សារក៏នៅតែបន្ដ ទិញឥវ៉ាន់តាមរបផបធម្មតា។ អាស្រយ័ហេតុនេះទើបមានសំណួរចោទសួរថា៖ តើអ្នកគួរទិញទំនិញដោយផ្ទាល់ ឬតាមអនឡាញ?

បើនិយាយអំពីភាពងាយស្រួលនោះ​ ការទិញទំនិញតាមអនឡាញ គឺពិតជាមានភាពងាយស្រួល។ គ្រាន់តែលោកអ្នកមានអ៊ីនធឺណែត ទូរស័ព្ទដៃទំនើបឬកុំព្យូទ័រនោះ អ្នកអាចធ្វើការកុម្ម៉ង់ឬទិញឥវ៉ាន់ ពីផ្ទះឬកន្លែងធ្វើការរបស់អ្នក ដោយពុំចាំបាច់ធ្វើដំណើរចេញក្រៅ។ ប៉ុន្តែយ៉ាងណាមិញ អ្នកអាចតានតឹងដោយសារទំនិញ មិនអាចទិញភ្លាមបានភ្លាមដូចចិត្ត ជាពិសេស ចំពោះទំនិញដែលអ្នកកុម្ម៉ង់មកពីក្រៅប្រទេស។

សម្រាប់ការទិញទំនិញដោយផ្ទាល់ អ្នកត្រូវចំណាយពេលវេលាច្រើន​ និងលុយកាក់ទៅលើការធ្វើដំណើរទៅមកជាដើម ប៉ុន្តែការទៅដល់ហាងដោយផ្ទាល់ អាចធ្វើឱ្យអ្នកមានជម្រើសច្រើន ទិញភ្លាមបានភ្លាម និងមើលដឹងពីគុណភាពទំនិញដោយផ្ទាល់ភ្នែក ព្រោះការទំនិញទំនិញតាមអនឡាញ​ពេលខ្លះ មានតម្លៃថ្លៃជាង​ បូករួមទាំងតម្លៃដឹកជញ្ជូនឥវ៉ាន់ ហើយជួនកាល ទំនិញអាចបាត់បង់ឬខូចខាត។

មួយវិញទៀត បញ្ហាចម្បងដែលកើតឡើងជារឿយៗ​ ចំពោះការទិញទំនិញតាមអនឡាញ​នោះគឺ ការបោកប្រាស់ក្លែងបន្លំ ដូចជាករណីដែលយើងតែងឃើញនៅលើហ្វេសប៊ុក​ ដែលអតិថិជនមួយចំនួន មិនបានទទួលឥវ៉ាន់ ដែលខ្លួនបានកក់លុយរួចទុកជាមុន។ សម្រាប់ការទិញទំនិញដោយផ្ទាល់​ ក៏អាចមានបញ្ហាខ្លះដែរ​ ព្រោះអតិថិជនច្រើន​ ត្រូវមានការរង់ចាំយូរ ខាតម៉ោងសម្រាប់ធ្វើអ្វីៗផ្សេងទៀត។

មិនថាអ្នកធ្វើការទិញទំនិញតាមអនឡាញឬដោយផ្ទាល់ អ្នកគួរដើរទិញជាមួយមិត្តៗ ឬសមាជិកក្រុមគ្រួសារ​ ព្រោះពួកគេអាចផ្ដល់មតិយោបល់ឬការណែនាំ ដើម្បីជៀសវាងពីការខកចិត្តណាមួយ ដែលនឹងអាចកើតមានឡើង។