ផ្សេងៗ

ចំណុចដែលរារាំងអ្នកពីការក្លាយជាអ្នកមាន

នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?

១. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ

នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។

២. អ្នកមានគោលដៅមិនត្រឹមត្រូវ

គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។”

៣. អ្នកទទួលការអប់រំច្រើនលើសលប់

ក្នុងចំណុចនេះ​ ខ្ញុំមិនមែនចង់មានន័យថា ការអប់រំនាំមកនូវភាពខូចខាតអ្វីនោះទេ។ ក៏ប៉ុន្តែល្គឹកណា​អ្នកសិក្សាច្រើនជ្រុលហួសហេតុ អ្នកអាចបាត់បង់ឱកាសនៅក្នុងពិភពជាក់ស្ដែង។ អ្នកជំនួញជោគជ័យធំៗភាគច្រើន មានគំនិតផ្ដួចផ្ដើមអាជីវកម្មនិងធ្វើការអនុវត្តជំនួញដោយផ្ទាល់ ដោយមិនបានសិក្សានៅឯមហាវិទ្យាល័យ។

៤ អ្នករាប់អានមនុស្សខុស

មិត្តភក្តិក៏ជាកត្តាមួយដែលជួយអ្នកឲក្លាយជាមនុស្សជោគជយ័ ហើយក៏អាចទាញទម្លាក់អ្នកឲធ្លាក់ទឹកបានដែរ។ ដូចពាក្យចាស់ពោលថា រាប់អានចោរក្លាយជាចោរ រាប់អានអ្នករៀនក្លាយជាអ្នករៀន រាប់អានអ្នកផឹកពូកែប្រមឹក។ ពិតណាស់បើអ្នករាប់អានជំពូកមនុស្សដែលចូលចិត្តចំណាយពេលសប្បាយឥតប្រយោជន៍ និងចូលចិត្តនាំអ្នកដើរទៅរកផ្លូវអវិជ្ជមាន នោះជីវិតអ្នកនឹងមិនមានភាពរីកចម្រើនឡើយ។

សូមអ្នកចងចាំផងដែរថា ទម្លាប់របស់អ្នកជាកូនសោរនៃអ្វីដែលអ្នកចង់បាន។ អ្នកគួររៀនថ្លឹងថ្លែងនិងបោះចោលទម្លាប់ណា ដែលមិនបានផ្ដល់ប្រយោជន៍ដល់អ្នក។ បើអ្នកចង់ឆាប់ក្លាយជាអ្នកមាន អ្នកគួរប្រឹងប្រែងព្យាយាមពីពេលឥឡូវនេះតទៅ ដូចពាក្យចាស់មួយពោលថា “ស៊ូពិបាកមុន ចាំស្រណុកតាមក្រោយ។”