ផ្សេងៗ

វិធីសាស្រ្តក្នុងការរក្សាបុគ្គលិកកុំឲលាឈប់ ភាគទី១

វិធីសាស្រ្តក្នុងការរក្សាបុគ្គលិកកុំឲលាឈប់ ភាគទី១

ជាការពិតណាស់មិនថា នៅកម្ពុជាឬនៅបរទេសនោះទេ បុគ្គលិកគឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្សនិងបុគ្គលិកឆ្នើមនោះ ប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។ តែធ្វើយ៉ាងណាទៅ ទើបអាចយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

 

១ សម្ដែងការគោរពចំពោះពួកគេ

មិនថាអ្នកស្ថិតក្នុងឋានៈអ្វីក៏ដោយ បើអ្នកចង់បានការគោរពពីអ្នកដទៃ អ្នកក៏ត្រូវចេះគោរពគេដូចគ្នា។ ដូចគ្នាចំពោះបុគ្គលិក ពួកគេរមែងមានជំនាញខុសៗគ្នា ហេតុនេះហើយក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវចេះគោរពនិងស្ដាប់នូវរាល់ការសម្រេចចិត្តឬមតិយោបល់ណាមួយដែលជាប្រយោជន៍ដល់ក្រុមហ៊ុន។

 

២ ផ្ដល់ឯករាជ្យភាពដល់ពួកគេ

បើសិនជាបុគ្គលិករបស់អ្នកទទួលបានការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលការងាររួចរាល់ហើយ វាល្មមសមគួរដល់ពេលដែលពួកគេដុះស្លាបហើយ។ ផ្ដល់ឯករាជ្យភាពដល់ពួកគេក្នុងការទទួលខុសត្រូវនិងសម្រេចចិត្តក្នុងការងារនោះ ចូរព្យាយាមកុំតាមដានត្រូវពិនិត្យស្អិតរមួតជាមួយអ្វីដែលពួកគេធ្វើពេកអី ព្រោះវាអាចជាសម្ពាធនិងជាកត្តាមួយដែលឈានដល់ការលាលែងការងារ។

 

៣ បង្ហាញការលើកទឹកចិត្ត

យុទ្ធសាស្ត្រក្នុងការយកឈ្នះចិត្តមនុស្សគឺ បង្ហាញទឹកចិត្តចំពោះពួកគេ។ ពួកគេគឺជាមនុស្សដែលមានសាច់ឈាម និងបេះដូង ដូចនេះពេលដែលការយកចិត្តទុកដាក់របស់ពួកគេមានការថយចុះ ឬ ពួកគេបង្កកំហុសណាមួយ អ្នកគួរតែបង្ហាញការណែនាំអំពីកំហុសនិងលើកទឹកចិត្តពួកគេ។ ចូរបង្ហាញការយកចិត្តទុកដាក់ គោរពនិងខ្វល់ខ្វាយចំពោះពួកគេឲបានច្រើន ដើម្បីបង្កើនចំណងមិត្តភាព។

 

៤ សរសើរនិងទទួលស្គាល់អ្វីដែលពួកគេខំ

មិនថាអ្នកណា ក៏ដូចអ្នកណាដែរ នៅពេលដែលយើងខិតខំដាក់ចិត្តដាក់កាយក្នុងការបំពេញកាតព្វកិច្ចណាមួយ ស្រាប់តែគ្មាននរណាម្នាក់កោតសរសើរនិងទទួលស្គាល់អ្វីដែលអ្នកបានធ្វើ នោះអ្នកប្រាកដជាមានការអាក់អន់ស្រពន់ចិត្ត។ ដូចនេះ ជាអ្នកដឹកនាំអ្នកត្រូវចេះសរសើរ លើកទឹកចិត្តនិងជម្រុញបន្ថែមដើម្បីឲពួកគេមានឆន្ទៈក្នុងការធ្វើការ។

 

៥ ស្នើរសុំមតិយោបល់ពីពួកគេ

ទោះបីជាអ្នកជាប្រធានក្រុមហ៊ុនក៏ដោយ ក៏អ្នកមិនអាចសម្រេចការងារណាមួយដោយបុគ្គលតែឯកឯងបានឡើយ ជារួមអ្នកត្រូវការជំនួយពីកូនក្រុមដើម្បីសម្រេចការងារនោះ។ អាស្រយ័ហេតុនេះហើយ ស្នើរសុំមតិយោបល់ពីពួកគេអាចជួយបានច្រើន។