អាជីវកម្ម

3 គន្លឹះសំរាប់កាត់បន្ថយថ្លៃឈ្នួលពលកម្ម

3 គន្លឹះសំរាប់កាត់បន្ថយថ្លៃឈ្នួលពលកម្ម

 

អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖

 

ការហ្វឹកហ្វឺនឆ្លងការងារ

 

ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។

 

ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។

 

ប្ដូរទៅមួយសប្តាហ៍ធ្វើការបួនថ្ងៃ

 

រាល់ថ្ងៃដែលក្រុមហ៊ុនរបស់អ្នកបើកគឺជាថ្ងៃមួយទៀតដែលអ្នកត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការ។ មធ្យោបាយជាក់ស្តែងមួយដើម្បីសន្សំប្រាក់និងលើកកម្ពស់ការពេញចិត្តរបស់បុគ្គលិកគឺប្ដូរឲពួកគេធ្វើការមួយសបា្ដហ៍បួនថ្ងៃ វាប្រហែលជាមិនសូវនិយមទេនៅកម្ពុជា ប៉ុន្ដែអ្នកគួរពិចារណាសាកល្បង។

ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយសបា្ដហ៍ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការមួយថ្ងៃ១០ម៉ោងក្នុងរយៈពេល៤ថ្ងៃជំនួសវិញ ហើយថែមទាំងផ្ដល់ពេលវេលាចុងសប្ដាហ៍ឲគេសម្រាកបានច្រើនផង ដែលជាកត្តាមួយដែលជួយជម្រុញផលិតភាពរបស់បុគ្គលិក។

 

ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព

 

អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត

ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រយ័ហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲបានល្អ ដោយផ្តល់ឲពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម។