ផ្សេងៗ

មនុស្សសំខាន់ទាំង៥ដែលចាំបាច់ត្រូវមានក្នុងបណ្ដាញរបស់អ្នក

មនុស្សសំខាន់ទាំង៥ដែលចាំបាច់ត្រូវមានក្នុងបណ្ដាញរបស់អ្នក

ជោគជយ័ឬបរាជយ័ភាគច្រើនសុទ្ធតែជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ យ៉ាងណាមិញនៅពីក្រោយភាពជោគជយ័របស់មនុស្សម្នាក់ៗរមែងមានឧបសគ្គ ព្យុះ ភ្លៀង ព្រមទាំងអ្នកជួយជ្រោមជ្រែង ផ្ដល់ដំបូន្មាន និងគាំទ្រពីក្រោយខ្នង។ ប្រជាជនខ្មែរយើងហាក់បីដូចជាមិនសូវចាប់អារម្មណ៌ពីបុគ្គលទាំងនេះដែលនៅជុំវិញឡើយ។ដូចនេះទើបស្ពានសម្រេចចិត្តវែកមុខមនុស្សសំខាន់ទាំង៥នាក់ដែលអ្នកចាំបាច់ចាត់ទុកជាបណ្ដាញ៖

១ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ

ដូចគេថា ដើរជាមួយអ្នកណា ទទួលឥទ្ធិពលពីអ្នកនោះ។ ប្រសិនបើអ្នករាប់អានជំពូកមនុស្សដែលពូកែចាយលុយខ្ជះខ្ជាយមិនចេះទុកដាក់ នោះអ្នកប្រាកដជាដើរតាមគន្លងនោះមិនខាន។ តែបើមានមិត្តជាអ្នកចេះប្រើលុយបង្កើតលុយ ទុកដាក់ សន្សំ មិនចេះចាយវាយផ្ដេសផ្ដាសនោះ អ្នកប្រាកដជាមានផ្នត់គំនិតនិងទម្លាប់ដូចជាពួកគេដែរ។ ដូចនេះចូរព្យាយាមបង្កើតមិត្តភាព ជាមួយអ្នកដែលធ្វើការច្រើនផ្នែកហិរញ្ញវត្ថុ និងពូកែយកលុយបង្កើតលុយ។

 

២ អ្នកណែនាំ

ក្នុងជីវិតរបស់មនុស្សម្នាក់ៗរមែងជួបប្រទះនឹងអ្នកណែនាំ ដែលជួយឲជីវិតរបស់អ្នកកាន់តែល្អប្រសើរ។ អ្នកណែនាំប្រៀបបាននឹងគ្រូបង្វឹក និងជាអ្នកលើកទឹកចិត្តពេលអ្នកជួបឧបសគ្គអ្វីមួយ។ គាត់ជាអ្នកចែករំលែក ផ្ដល់ដំបូន្មាន អ្នកស្ដាប់ដ៏ល្អម្នាក់ ថែមទាំងជាអ្នកជួយត្រួសត្រាយផ្លូវ។ កុំមើលរំលងមនុស្សបែបនេះអី គួរណាតែចំណាយពេលខ្លះញាុំកាហ្វេ ឬ ជួបសួរសុខទុក្ខគាត់ម្ដងម្កាលដើម្បីរក្សាទំនាក់ទំនង។ មិនចាំបាច់ទាល់តែរកស៊ីទើបត្រូវការអ្នកណែនាំនោះទេ សូម្បីតែជាសិស្សនិស្សិតនៅកម្ពុជាក៏ដោយបើចង់បានអាហាររូបករណ៏ទៅរៀនក្រៅប្រទេសគួរតែមានអ្នកណែនាំផ្ទាល់ខ្លួនម្នាក់សម្រាប់ជួយត្រួសត្រាយផ្លូវ។

 

៣ អ្នកពូកែច្នៃប្រឌិត

មនុស្សជំពូកនេះមានភាពវយ័ឆ្លាត រវាសរវៃ ក្នុងការដោះស្រាយបញ្ហា ជាពិសេសពាំនាំយកមកនូវគំនិតថ្មីៗ ប្លែកៗដែលអ្នកផ្សេងគិតមិនដល់។ មនុស្សបែបនេះគួរតែថែរក្សាឲបានល្អ ព្រោះថ្ងៃណាមួួយអ្នកអាចត្រូវការពួកគេ សម្រាប់ប្រមូលផ្ដុំដំបូន្មាននិងគំនិតឆ្នៃប្រឌិតផ្សេងៗក្នុងការអភិវឌ្ឃសហគ្រាសរបស់អ្នកក៏ថាបាន។

 

៤ អ្នកដឹកនាំ

អ្នកដឹកនាំទាំងនោះ អាចជាអតីតចៅហ្វាយនាយ ឬ មេក្រុមហ៊ុននានា ដែលអ្នកបានផ្លាស់ប្ដូរនាមបណ្ណ័ជាមួយពេលចូលរួមកម្មវិធីផ្លូវការណាមួយ។ អ្នកដឹកនាំល្អម្នាក់ អាចចង្រៀនឲមនុស្សធម្មតាម្នាក់ក្លាយជាអ្នកដឹកនាំគេដែរ។ ពួកគាត់ជាមនុស្សដែលមានបទពិសោធន៏ច្រើនក្នុងការងារគ្រប់គ្រងមនុស្ស ការដែលរាប់អានអ្នកដឹកនាំអាចជួយជុំរុញឲអ្នកមានឆន្ទះក្នុងការដើរទៅរកភាពជោគជយ័ ព្រមទាំងទទួលបាននូវគន្លឹះ និងកូនសោរក្នុងការដឹកនាំមនុស្ស។ ម៉្យាងវិញទៀតអ្នកដឹកនាំល្អម្នាក់មិនចាំបាច់ទាល់តែមានឋានៈធំដុំនោះទេ គាត់អាចជាមនុស្សសាមញ្ញម្នាក់ដែលនៅជុំវិញខ្លួនយើងដូចជា លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ សិស្សច្បង ឬមិត្តភក្តិជាដើម។

 

៥ មិត្តតែជាសត្រូវ

បើមានមិត្តដែលចូលចិត្តប្រកួតប្រជែងផ្ចាញ់ផ្ចាលអ្នក ចូរកុំស្អប់ឬចងគំុនុំនឹងពួកគេអី។ ព្រោះពួកគេទាំងនោះហើយ ជួយជុំរុញឲអ្នកមានឆន្ទៈ និង ស្មារតីមុះមុតក្នុងការយកឈ្នះ ជួយឲអ្នកមានគំនិតបង្កើតថ្មី ជួយឲអ្នកធ្វើអ្វីឲអស់ពីសមត្ថភាព។ មិត្តទាំងនេះ អាចធ្វើឲអ្នកមានសម្ពាធផ្លូវចិត្តខ្លះ តែយ៉ាងណាមិញវាជាឱកាសសម្រាប់អ្នកប្រកួតប្រជែងនិងជាមេរៀនសម្រាប់អ្នករៀនសូត្រពីវា។ មិត្តប្រភេទនេះមិនមែនមានតែពេលចេញប្រឡូកក្នុងសង្គមការងារក្រៅប្រទេសនោះទេ នៅស្រុកខ្មែរក៏មានដែរ។ ឧទាហរណ៏៖ នៅក្នុងថ្នាក់រៀនតែងមានមិត្តម្នាក់ឬពីរនាក់ដែលប្រកួតស៊ីសាច់ហុតឈាមគ្នាដើម្បីយកនិទ្ទេសល្អ ដោយសារតែពួកគេទាំងនេះហើយទើបយើងខំមួយកម្រិតទៀតដើម្បីយកប្រៀបគេ។