ការវិនិយោគ

តើខ្ញុំគួរទិញផ្ទះឬជួលផ្ទះ?

តើខ្ញុំគួរទិញផ្ទះឬជួលផ្ទះ?

ប្រជាជនខ្មែរមួយចំនួនធំ ជាពិសេសអ្នកដែលមានគ្រួសារហើយ ប្រាកដជាធ្លាប់សួរខ្លួនឯងហើយថា គួរទិញផ្ទះឬជួលផ្ទះ ការទិញផ្ទះគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ដូចនេះហើយចាំបាច់ត្រូវគិតគូរឲបានច្បាស់លាស់មុនសម្រេចចិត្តកុំឲខូចការណ៍។ ថ្ងៃនេះស្ពាននឹងលើកយកចំណុចខ្លះដើម្បីឲអ្នកទាំងអស់គ្នាពិចារណាថាតើគួរទិញផ្ទះឬជួលផ្ទះ:

 

១ ថ្លៃទិញនិងថ្លៃជួល

ការទិញផ្ទះត្រូវការចំណាយហិរញ្ញវត្ថុទ្រង់ទ្រាយធំ ប៉ុន្ដែការជួលផ្ទះមិនបាច់ចំណាយលុយទាំងដុំនោះទេ។

អ្នកត្រូវថ្លឹងថ្លែងឲបានច្បាស់ពីគុណវិបិត្តនិងគុណសម្បត្តិក្នុងការទិញផ្ទះ ព្រោះវាអាចមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នក។

 

២ អត្ថប្រយោជន៍នៃការក្លាយជាម្ចាស់ផ្ទះ

– ពេលដែលអ្នកបង់ផ្ដាច់ថ្លៃផ្ទះ អ្នកជាម្ចាស់កម្មសិទ្ធិ១០០ភាគរយ ហើយអ្នកមិនចាំបាច់ខ្វល់ខ្វាយរឿងរកកន្លែងនៅថ្មីឬប្ដូរទីតាំងបន្ទាប់ពីដាច់កុងត្រាជួលផ្ទះ។

-ផ្ទះគឺជាអចលនទ្រព្យដែលប្រជាជនខ្មែរទុកដូចជា

ទ្រព្យសម្បត្តិដែលទុកយូរកាន់តែឡើងថ្លៃ កាន់តែចំណេញ។

– អ្នកអាចធ្វើការជួសជុល កែឆ្នៃផ្ទះរបស់អ្នកបានដោយសេរីមិនចាំបាច់សូមការអនុញ្ញាតពីម្ចាស់ផ្ទះ។

៣ គុណវិបិត្តនៃការក្លាយជាម្ចាស់ផ្ទះ

– បច្ចុប្បន្ននេះ ប្រជាជនខ្មែរនិយមទិញផ្ទះតាមរយៈការបង់រំលោះ។ ការបង់រលោះពេលខ្លះក៏បង្កជាផលវិបាកដល់អ្នកដែរ ដោយសារតែការប្រាក់ខ្ពស់និងត្រូវការចំណាយរយៈពេលយូរទម្រាំបង់ផ្ដាច់។

– អ្នកត្រូវចំណាយប្រាក់សន្សំរបស់អ្នកទាំងអស់សម្រាប់ទិញផ្ទះ ពេលខ្លះត្រូវកាត់បន្ថយការចំណាយផ្ទាល់ខ្លួនទៀតផង

– ត្រូវចាំថា ពេលខ្លះអ្នកចាំបាច់ត្រូវធ្វើការជួសជុលកន្លែងខូចខាតដូចជាតំបូល បន្ទប់ទឹក ចង្ក្រានបាយជាដើម។ ម៉្យាងវិញទៀត អ្នកក៏ត្រូវទិញគ្រឿងសង្ហាររឹមថ្មីៗ និងរបស់ប្រើប្រាស់ផ្សេងៗពេលរើចូលនៅ ដែលបន្ថែមពីលើការចំណាយ។

-ប្រសិនបើអ្នករស់នៅជាមួយដៃគូ ហើយឈានដល់ការបែកខ្ញែកនោះការបែងចែកទ្រព្យសម្បត្តិអាចមានភាព

ស្មុគស្មាញ។

– ប្រសិនបើផ្ទះអ្នកចុះថ្លៃ ស្របពេលដែលអ្នកចង់លក់ដោយសារអ្នកជាប់បំណុលនោះអាចជាហានិភយ័មួយដែលគួរពិចារណា។

 

សួរខ្លួនឯងតើអ្នកមានលទ្ធភាពទិញទេ?

 

ជំហានដំបូងឆ្ពោះទៅរកការទិញអចលនទ្រព្យគឺត្រូវគិតឱ្យបានច្បាស់ថាតើអ្នកអាចទិញវាបានដែរឬទេ?

 

ព្រោះចំនុចខាងក្រោមជាអ្វីដែលអ្នកត្រូវចំណាយប្រសិនបើអ្នកទិញផ្ទះ:

– ប្រាក់បង់រំលោះ ឬសាច់ប្រាក់សម្រាប់ទិញផ្ទះ

– ថ្លៃសេវាកម្មផ្សេងៗ

– ពន្ធផ្ទះ

– ការចំណាយលើថ្លៃជួសជុលខូចខាត

– វិក្កយបត្រ័ប្រចាំខែលើថ្លៃទឹកភ្លើងជាដើម។