ការវិនិយោគ

កុំគិតតែពីទុកលុយក្រោមពូក

កុំគិតតែពីទុកលុយក្រោមពូក

ប្រជាជននៅកម្ពុជាមួយចំនួនតូចនៅមានគំនិតចាស់គំរិលចូលចិត្តទុកលុយនៅផ្ទះ ក្រោមពូក ក្រោមខ្នើយជាដើម ព្រោះពួកគាត់យល់ថាទុកនៅផ្ទះជិតខ្លួនមានសុវត្ថិភាពជាងនៅធនាគារដែលមិនដឹងថាគេយកលុយពួកគាត់ទៅធ្វើអ្វីខ្លះ។ យ៉ាងណាមិញគំនិតទាំងនេះហាក់បីដូចជាខុសទាំងស្រុង ព្រោះពួកគាត់បានមើលរំលងអត្ថប្រយោជន៍និងសុវត្ថិភាពក្នុងការទុកប្រាក់កាសនៅធនាគារ។ ម៉្យាងវិញទៀតទុកលុយនៅផ្ទះមិនទទួលបានការប្រាក់បន្ថែមដូចនៅធនាគារនោះទេ ថែមទាំងមានការប្រថុយប្រថានថែមទៀតផង ព្រោះថាវាអាចមានឧបទ្វហេតុដោយចៃដន្យណាមួយកើតឡើងដូចជា អគ្គិភយ័ ឬចោរចូលផ្ទះជាដើមដែលនាំឲមានការបាត់បង់យ៉ាងធំធេង។

២ជំហានខាងក្រោមគឺជាស្ពាននាំទៅរកសុវត្ថិភាពនិងផលចំណេញពីការដាក់លុយនៅធនាគារ៖

 

ជំហានទី ១ – ស្វែងរកធនាគារដែលផ្ដល់អត្រាការប្រាក់ខ្ពស់

ជាការពិតណាស់ការទុកលុយក្នុងធនាគារជាប្រការល្អប្រសើរ ប៉ុន្ដែអ្នកក៏ប្រាកដជាមិនចង់ឲលុយរបស់អ្នកនៅនឹងថ្កល់មួយកន្លែងនោះទេ។ ដូចនេះការសម្លឹងមើលលើការផ្ដល់ឲនូវអត្រាការប្រាក់ខ្ពស់ដល់អតិថិជនរបស់ធនាគារនីមួយៗក៏ជាកត្តាចាំបាច់ដែរ មុននឹងសម្រេចចិត្តយកលុយទៅផ្ញើរ។ បើអ្នកផ្ញើចំនួនទឹកលុយច្រើនក្នុងរយៈពេលយូរ នោះការប្រាក់ដែលធនាគារផ្ដល់ឲប្រាកដជាកើនពីលើចំនួនសាច់ប្រាក់ដើមដែលអ្នកមាន។

 

ជំហានទី ២ – បង្កើតគណនីធនាគារ

ធនាគារនៅកម្ពុជាមានច្រើនណាស់ អ្នកអាចសម្រេចចិត្តផ្ញើប្រាក់របស់អ្នកនៅធានាគារណាមួយដែលអ្នកទុកចិត្ត។ ការដែលមានគណនីធនាគារផ្ទាល់ខ្លួនសម្រាប់ការសន្សំ ផ្ញើរប្រាក់ ឬតម្រូវការប្រចាំថ្ងៃជាការល្អ ព្រោះវាមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការតាមដានចំណូលចំណាយរបស់អ្នក។ ប៉ុន្ដែមុននឹងបង្កើតគណនី ប្រជាជនកម្ពុជាគប្បីស្វែងយល់ពីពត៌មានលម្អិតពីធនាគារផ្សេងៗជាមុនសិន ចៀសវាងកំហុសនានា។