ការវិនិយោគ

ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ

ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ

ផ្ទះគឺជាទ្រព្យសម្បត្តិដែលអ្នកត្រូវចំណាយប្រាក់រាប់មឺុនដុល្លារទៅទិញ ហើយវាមិនមែនជារបស់ដែលចង់លក់ដោះដូរថ្មីតាមអំពើចិត្តដូចរបស់ទូទៅទេ។ ហេតុនេះហើយមុនពេលសម្រេចចិត្តទិញនិងក្លាយជាម្ចាស់របស់វាអ្នកត្រូវពិនិត្យឲបានល្អិតល្អន់ជាមុនសិន ចៀសវាងទិញមក ហើយបែរជានៅមិនបានសុខរវល់ខូចនេះខូចនោះដែលនាំឲខាតបង់ធនធាន។

ដូចនេះចំណុចខាងក្រោមនេះជាអ្វីដែលបងប្អូនខ្មែរទាំងអស់គួរពិចារណាមុនទិញផ្ទះ៖

១ ខាងក្នុងផ្ទះ

ពិនិត្យមើលចំណុចដែលជាបញ្ហានាំទៅរកការចំនាយថ្លៃក្នុងការជួសជុលដូចជា៖

– សើមឬជ្រៀបទឹក

– បំពង់បង្ហូរទឹកបែក

– ដំបូលផ្ទះមានប្រហោង

– បង្គន់មិនដំណើរការ

– ស៊ុមបង្អួចបាក់បែក

បើអ្នកពុំទាន់មានបទពិសោធន៏ក្នុងការទិញផ្ទះទេ នោះយើងណែនាំឲយកមិត្តភក្តិឬសមាជិកគ្រួសារណាម្នាក់ដែលមានចំណេះដឹងខ្លះពីការជួសជុលអចលនទ្រព្យដែលអ្នកទុកចិត្តទៅជាមួយដើម្បីជួយត្រួតពិនិត្យចន្លោះខ្វះខាតដែលអ្នកមើលមិនដឹង។ កាលណាផ្ទះនេះមានកន្លែងត្រូវជួសជុលច្រើន នោះអ្នកអាចយកវាធ្វើជានុយសម្រាប់សុំឲអ្នកលក់បញ្ចុះតម្លៃដើម្បីឲសមស្របនឹងថ្លៃចំណាយ។

 

២ នៅខាងក្រៅផ្ទះ

-ពិនិត្យមើលតំបន់ដែលនៅជុំវិញ: មើលថាម្ដុំផ្ទះអ្នកមានផ្សារ មានមន្ទីរពេទ្យ និងជាទីប្រជុំជនដែលអាចប្រកបរបររកស៊ីបានដែរឬទេថ្ងៃមុខ ចំណុចនេះសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរមុននឹងសម្រេចចិត្តទិញផ្ទះ។ តើតាមផ្លូវទៅផ្ទះរបស់អ្នកស្ងាត់នៅពេលណា ឬអ៊ូអរក្នុងម៉ោងណា?ដើម្បីជាការក្រើនរំលឹកពីសុវត្ថិភាពនិងការធ្វើដំណើររបស់អ្នកពេលរើចូលមកនៅ។

-កន្លែងស្នាក់នៅ: ដោយសារនៅកម្ពុជា ជាពិសេសភ្នំពេញជានិច្ចជាកាលតាមផ្លូវឬខាងមុខផ្ទះតែងមានសសរដងគោមដែលមានខ្សែភ្លើង ខ្សែកាបខ្វាត់ខ្វែង តចូលខាងក្នុងផ្ទះ ហេតុដូចនេះហើយអ្នកចាំបាច់ត្រូវ មើលខាងក្រៅផ្ទះតើមានខ្សែភ្លើងរយ៉េរយ៉ៃឬបង្គោលភ្លើងមិននឹងនរដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់អគ្គិភយ័ដោយចៃដន្យណាមួយដែរឬទេ?

-ចំណតរថយន្ត: តើមុខផ្ទះមានកន្លែងចតរថយន្ដនិងមានសុវត្ថិភាពពេលដែលចតទុកចោលឬទេ?

-លិចទឹក: តើផ្ទះនេះស្ថិតលើទីទួលឬកន្លែងទាបដែលងាយលិចទឹកពេលមានភ្លៀងដែរទេ?

– អ្នកជិតខាង: សើុបសួរអ្នកនៅម្ដុំនោះអំពីអ្នកជិតខាងរបស់អ្នក ថាតើពួកគេមានដែលបង្កបញ្ហាឬជម្លោះណាមួយក្នុងតំបន់ដែរឬទេ? បើមានអ្នកគប្បីធ្វើបែបណាដើម្បីចៀសវាងជម្លោះជាមួយអ្នកជិតខាង។