ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ធ្វើយ៉ាងណាទើបអាចគ្រប់គ្រងខ្លួនឯងបានពីការចាយវាយផ្ដេសផ្ដាស?

ធ្វើយ៉ាងណាទើបអាចគ្រប់គ្រងខ្លួនឯងបានពីការចាយវាយផ្ដេសផ្ដាស?

ពិបាកណាស់មែនទេក្នុងការអត់ទ្រាំមិនចាយលុយផ្ដេសផ្ដាសពេលឃើញរបស់ចង់បាន? តើអ្នកជាមនុស្សម្នាក់ដែលមានលុយក្នុងដៃតែទុកមិនបានយូរ ចង់តែទិញរបស់នេះរបស់នោះដូចគោដាច់កន្លុះដែរឬទេ? ថ្ងៃនេះស្ពាននឹងណែនាំអ្នកពីយុទ្ធសាស្រ្តហាត់ពត់ផ្លូវចិត្ត៖

– នៅផ្ទះឲបានច្រើនបើមិនចង់ចាយលុយ។ ស្ដាប់ទៅមានម៉្យាងដែរ តែវាមិនមែនជាវិធីសាស្រ្តល្អនោះទេ ព្រោះអ្នកអាចនឹងស្ទះខ្យល់ ស្មុកស្មាញក្នុងចិត្តបើមិនបានចេញក្រៅ។ ជាធម្មតាទេនៅក្នុងសង្គមខាងក្រៅអ្នករមែងមានមិត្តភក្តិហៅទៅនេះ ទៅនោះដើម្បីជួបជុំគ្នា យ៉ាងហោចណាស់ក៏ពីរឬបីដងដែរក្នុងមួយអាទិត្យ។ ដូច្នេះដើម្បីចៀសវាងការចំណាយច្រើនអ្នកគួរហាត់ពត់លត់ដំចិត្តខ្លួនឯង និងរៀនច្រានចោលនូវការអញ្ជើញខ្លះហើយងាកមកសោយសុខនៅក្នុងផ្ទះ ជំនួសដោយការអានសៀវភៅ ធ្វើកិច្ចការផ្ទះ មើលទូរទស្សន៏ឬចំណាយពេលជាមួយគ្រួសារ។

 

– បង្កើត “តារាងបញ្ជី៣០ថ្ងៃ” រាល់ពេលដែលឃើញអ្វីដែលចង់បាន អ្នកគួរកត់វាទុកក្នុងបញ្ជីខាងលើ ហើយពិសោធន៏ខ្លួនឯងមើលថា តើអ្នកអត់វាឬត្រូវការវាចាំបាច់ដែរឬទេក្នុងរយៈពេល៣០ថ្ងៃនេះ? បើចាំបាច់ម្ល៉េះត្រូវត្បិតត្បៀតសន្សំខ្លះដើម្បីវា តែបើជារឿងតូចតាចម្ល៉េះត្រូវចាត់ការចំណង់ខុសរបៀបនេះចោលតាមការគួរ។ ការធ្វើបែបនេះជួយឲអ្នកស្វែងយល់ពីខ្លួនបានច្រើន ថែមទាំងបង្កើនការអត់ធ្មត់។

 

– ត្រូវចេះកំណត់ថវិការនិងលកលៃយ៉ាងណាចាយឲគ្រប់សម្រាប់មួយខែ។ ឧទាហរណ៏ អ្នកទម្លាប់ចំណាយ១០០ដុល្លារប្រចាំខែទៅលើអាហារពេលល្ងាច ដូចនេះត្រូវចាយយ៉ាងណាឲស្ថិតក្នុងដែនកំណត់ ករណីណាដែលចាយអស់មុនថ្ងៃកំណត់ ដូចនេះអ្នកប្រហែលជាត្រូវគិតគូររឿងមីកញ្ចប់ឬបាយផ្ទះរហូតដល់ខែថ្មី។ ទម្លាប់បែបនេះល្អបំផុតសម្រាប់អ្នកចូលចិត្តចាយលុយសល់ថ្ងៃ។