ការសន្

អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់

អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់

នៅពេលអ្នកដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារអ្នកនឹងទទួលបានវិញ្ញាបនប័ត្រមួយដែលបញ្ជាក់ពីឈ្មោះរបស់អ្នក ចំនួនទឹកប្រាក់បញ្ញើ អត្រាការប្រាក់រយៈពេលដែលអ្នកនឹងដាក់ប្រាក់នៅធនាគារ ជាដើម។  តើអ្នកធ្លាប់ដឹងទេថា វិញ្ញាបនប័ត្រនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ខាងក្រោមនឹងរៀបរាប់ ពីលក្ខណៈពិសេស ព្រមទាំងអត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រប្រាក់បញ្ញើ ដែលស្ពាននឹងយកមកបង្ហាញ អោយអ្នកបានដឹង៖

១.អាចយកទៅប្រើជាទ្រព្យបញ្ចាំ

អ្នកអាចស្នើកម្ចីពីធនាគារដែលអ្នកបានដាក់ប្រាក់បញ្ញើហើយយកវិញ្ញបនប័ត្រប្រាក់បញ្ញើរបស់អ្នកធ្វើជាទ្រព្យបញ្ចំាបាន បន្ទាប់ពីអ្នកបានយកប្រាក់ទៅដាក់ផ្ញើនៅធនាគារតាមកាលកំណត់ណាមួយរួចមក។ អ្នកត្រូវការប្រាក់បន្ទាន់ ប៉ុន្តែប្រាក់ដែលអ្នកដាក់ផ្ញើមិនទាន់ដល់កាលកំណត់អាចដកបាន ហើយអ្នកមិន ចង់ទទួលការពិន័យពីខាងធនាគារ ដូចនេះអ្នកអាចធ្វើការស្នើកម្ចីក្នុងចំនួនតិចជាងប្រាក់បញ្ញើ របស់អ្នកហើយយកវិញ្ញាបនប័ត្រនេះធ្វើជាទ្រព្យបញ្ចាំតែម្ដង។

២.ទទួលបានអត្រាការប្រាក់ខ្ពស់

នៅពេលអ្នកយកប្រាក់ទៅដាក់នៅធនាគារ អ្នកនឹងទទួលបានការប្រាក់ពីធនាគារទៅតាមប្រាក់បញ្ញើ និងគណនីដែលអ្នកបានជ្រើសរើសផ្ញើ។ ជាទូទៅការដាក់ប្រាក់បញ្ញើមានកាលកំណត់ អ្នកនឹងទទួល បានការប្រាក់កាន់តែច្រើននៅពេលអ្នកផ្ញើកាន់តែយូរនៅធនាគារ។

៣. សុពលភាពអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ញើ

បើអ្នកចង់ដាក់ប្រាក់បញ្ញើមានកាលកំណត់​ អ្នកអាចជ្រើសរើសរយៈពេលក្នុងការផ្ញើបាន។ ជាទូទៅមាន ៣ខែ ៦ខែ ៩ខែ ១ឆ្នាំជាដើម។​ នៅពេលដល់ការកំណត់អ្នកអាចដកប្រាក់បាន ប៉ុន្ដែបើសិនជាអ្នកមិន ចង់ដកអ្នកអាចបន្តសុពលភាពក្នុងការដាក់ផ្ញើជាមួយធនាគារ ហើយធនាគារនឹងចេញវិញ្ញាបនប័ត្រ ថ្មីជូនអ្នកទៀតនៅពេលអ្នកបន្តផ្ញើ។