កត្តាដែលធ្វើឱ្យជំនួញថ្មីថ្មោងបរាជ័យ 

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។  

១. អ្នកចាប់ផ្ដើមជំនួញរបស់អ្នក ក្នុងគោលបំណងដែលខុសឆ្គង 

កត្តាចំបងដែលធ្វើឱ្យអាជីវកម្មបរាជ័យ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្មផ្ទាល់តែម្ដង។ នៅពេលពួកគេគិតថាលុយជារឿងសំខាន់ ហើយការដែលប្រកបរបររកស៊ី ជាអ្វីដែលពួកគេអាចឆាប់រកចំណូលបានច្រើន ជាហេតុផលចម្បងដែលធ្វើឱ្យមុខជំនួញធ្លាក់ទឹក។​ អាជីវកម្មដែលទទួលបានជោគជ័យ គឺកើតចេញពីទឹកចិត្តស្រលាញ់ ជំនឿជឿជាក់ និងការស្វែងយល់សិក្សា នូវផលិតផលនិងសេវាកម្ម ដែលជាតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។  

២. ការគ្រប់គ្រងដែលគ្មានគុណភាព 

ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។  

៣. មូលធនដែលគ្មានប្រសិទ្ធិភាព 

ជារឿយៗ ម្ចាស់អាជីវកម្មថ្មីថ្មោងមិនសូវយល់ពីលំហូរនៃធនធានហិរញ្ញវត្ថុរបស់ពួកគេ ហើយជួនកាលពួកគេយល់ខុសពីមូលធន ដែលពួកគេត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្មមួយ និងការរំពឹងទុកនៃប្រាក់ចំណូលពីការលក់ ដែលមិនមានភាពត្រឹមត្រូវ។ វាពិតជាចាំបាច់និងមានសារៈសំខាន់បំផុត ក្នុងការធ្វើឱ្យប្រាកដថា ទឹកប្រាក់ទំហំប៉ុណ្ណាដែលអាជីវកម្មរបស់អ្នកត្រូវការ ហើយទំហំទឹកប្រាក់នោះមិនមែនត្រឹមតែ សំដៅលើចំណាយនៃការចាប់ផ្ដើមអាជីវកម្មមួយមុខទេ ប៉ុន្តែក៏សំដៅលើការឋិតថេរនៃអាជីវកម្មរបស់អ្នកផងដែរ។  

Posted in អាជីវកម្ម.