ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

បំណិនជីវិតដែលប្រជាជនវ័យក្មេងនៅកម្ពុជា នឹងត្រូវការសម្រាប់ជីវិតរស់នៅដោយឯករាជ្យ

សព្វថ្ងៃ មនុស្សមិនតិចនាក់ទេ មិនថាក្មេងឬពេញវ័យ កំពុងរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួន ហើយពួកគាត់បានផ្គត់ផ្គង់កូនៗតាំងពី សម្ភារៈ ការហូបចុក សំលៀកបំពាក់ ការសិក្សា លំហែកាយ ។ល។ ប៉ុន្តែទោះយ៉ាងណា ក៏គង់ដល់ពេលវេលាមួយ ដែលអ្នកត្រូវឈានចេញពីលំនៅដ្ឋានដ៏កក់ក្ដៅ មករស់នៅដោយឯករាជ្យ ដោយសារកត្តាផ្សេងៗ។ នៅពេលអ្នកសម្រេចចិត្តជ្រើសរើស ជីវិតរស់នៅដោយឯករាជ្យ អ្នកគួរចេះបំណិនជីវិតទាំងនេះ….  

១. ចម្អិនម្ហូបអាហារ 

អ្នកមិនចាំបាច់មានជំនាញចម្អិនដូចចុងភៅអាជីពនោះទេ។ អ្នកគ្រាន់តែយល់ដឹងពីវិធីចម្អិនងាយៗក៏បានដែរដូចជា ឆា ចៀន ចំហុយ ជាដើម។ ការរៀនធ្វើម្ហូបពីកម្មិវធី YouTube ឬ Facebook កំពុងមានការពេញនិយមផងដែរ ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់អ្នកដែលនៅតែឯង និងមមាញឹកជាមួយការងារ។ 

២. ដើរទិញឥវ៉ាន់ 

អ្នកប្រហែលគិតថាវាជារឿងងាយស្រួល ប៉ុន្តែសូមអ្នកកុំមើលរំលងវាឱ្យសោះ។ ការដើរទិញឥវ៉ាន់ត្រូវការ ចំណាយពេលវេលា ការគិតគូរថាត្រូវទិញអ្វីខ្លះ ការថ្លឹងថ្លែងតម្លៃ និងការស្វែងរកផលិតផលដែលមានគុណភាព។ ម្ហូបអាហារឈ្ងុយឆ្ងាញ់មិនអាចខ្វះគ្រឿងក្រូវល្អៗបានទេ។ 

៣. បោកគក់សំលៀកបំពាក់ 

តើឪពុកម្ដាយរបស់អ្នក បោកគក់សំលៀកបំពាក់ឱ្យអ្នក រាល់ថ្ងៃមែនទេ? បើអ្នកសម្រេចចិត្តរស់នៅដោយឯករាជ្យ អ្នកគួរចេះពីរបៀបបោកគក់ខោអាវរបស់អ្នក ឱ្យបានស្អាតល្អ។ អ្នកត្រូវចេះពីរបៀបបែងចែកខោអាវសម្រាប់បោក ការយកស្នាមប្រលាក់ដែលលំបាកចេញ និងការអ៊ុតសំលៀកបំពាក់។ 

៤. បោសសម្អាតនិងថែទាំផ្ទះ 

ទំនួលខុសត្រូវចម្បងនៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួន អ្នកត្រូវចេះថែទាំនិងសម្អាតលំនៅដ្ឋានរបស់អ្នក ឱ្យមានអនាម័យនិងផាសុខភាព។ លើសពីនេះផងដែរ អ្នកគួរចេះប្រកបកិច្ចការជួសជុលងាយៗ ដូចជា ដូរអំពូលភ្លើង ជួសជុលបង្គន់ហូរទឹក និងផ្សេងៗទៀត។  

៥. សន្សំ គ្រប់គ្រង និងទូទាត់ហិរញ្ញវត្ថុ 

អ្នកគួរមានបញ្ជីចំណូលនិងចំណាយ ដើម្បីកត់ត្រាចំណាំនូវលំហូរហិរញ្ញវត្ថុរបស់អ្នក។ បើសិនជាចំណាយលើសចំណូល អ្នកគួររៀនកាត់បន្ថយនិងសន្សំឡើងវិញ។ មួយវិញទៀត នៅពេលអ្នកទូទាត់លុយកាក់ ដូចជាថ្លៃទឹកនិងអគ្គិសនី អ្នកគួរធ្វើវាឱ្យបានទៀងទាត់តាមកាលកំណត់ ដើម្បីជៀសវាងការផាកពិន័យជាទឹកប្រាក់ ដែលធ្វើឱ្យអ្នកចំណាយលើសមួយកម្រិតទៀត។ 

៦. តាមដានពិនិត្យសុខភាពរបស់អ្នក 

ជាការពិតណាស់ សុខភាពល្អជាអ្វីដែលមនុស្សរាល់គ្នាចង់បាន។ គ្មាននរណាម្នាក់ចង់កើតមកឈឺនោះទេ។ អ្នកគួរតាមដានពិនិត្យសុខភាពរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីដឹងនិងធ្វើការព្យាបាលទាន់ពេលវេលា។​ សុភមង្គលស្ថិតនៅលើសុខភាពផ្លូវចិត្តនិងផ្លូវកាយ។ គេថាមានលុយច្រើនប៉ុណ្ណា តែសុខភាពអន់ថយហើយ ពិបាកនឹងសប្បាយចិត្តណាស់។  

ជាចុងក្រោយ សូមអ្នកកុំភ្លេចជំនាញទំនាក់ទំនង។ នៅពេលអ្នករស់នៅដោយឯករាជ្យ អ្នកគួរចេះប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាង បង្កើតមិត្តឱ្យបានច្រើន និងជួយយកអាសារអ្នកដទៃ។ ហើយជាពិសេស កុំភ្លេចឧស្សាហ៍សួរសុខទុក្ខឪពុកម្ដាយរបស់អ្នកផង! 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729