កម្ចី

ចំណុចល្អនិងអាក្រក់អំពីកម្ចីផ្ទាល់ខ្លួននៅប្រទេសកម្ពុជា

តើអ្នកកំពុងត្រូវការប្រាក់បន្ទាន់ដោយមិនចង់បំពេញឯកសារសាំញាំច្រើនឬទេ? អ្នកគ្រាន់តែបំពេញលិខិតមួយ ហើយលុយនឹងបានទៅក្នុងដៃអ្នកនៅប៉ុន្មានថ្ងៃក្រោយមក។ ប៉ុន្តែវាមិនមែនមានភាពងាយស្រួលដូចនេះទេ។ យ៉ាងណាមិញ មុននឹងអ្នកសម្រចចិត្តថាដាក់ពាក្យបំពេញកម្ចីផ្ទាល់ខ្លួន វាពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងការដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់វាដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះស្ពាននឹងចែករំលែកអត្តបទអំពីគុណសម្បត្តិនិងគុណវិបត្តិនៃកម្ចីផ្ទាល់ខ្លួន៖

 

  • គុណសម្បត្តិ

 

បានគ្រប់កាលៈទេសៈ: សាកស្រមៃទៅមើលថានៅពេលដែលអ្នកត្រូវការប្រាក់ក្នុងពេលទាន់ហន់ណាមួយ។ ឧទាហរណ៏ថា សមាជិកគ្រួសាររបស់អ្នកត្រូវការលុយបន្ទាន់ដើម្បីព្យាបាលជម្ងឺ ទោះជាយ៉ាងណាក្ដីពួកយើងសូមផ្ដល់យោបល់ឲ្យអ្នកគួរតែទិញធានារ៉ាប់រងជីវិតទើបមិនសូវមានភាពពិបាក។ កម្ចីផ្ទាល់ខ្លួនជួយអ្នកបាន ហើយវាផ្ដល់ភាពងាយស្រួល សម្រាប់អ្នកនៅពេលដែលត្រូវការប្រាក់ក្នុងពេលបន្ទាន់ណាមួយ។ អញ្ចឹងហើយប្រសិនបើអ្នកកំពុងស្វែងរកប្រាក់ក្នុងពេលបន្ទាន់ កម្ចីផ្ទាល់ខ្លួនគឺជាជម្រើសដ៏ល្អ។

 

ឯកសារងាយៗមិនសាំញាំច្រើន: កម្ចីផ្ទាល់ខ្លួនមិនត្រូវការឯកសារអ្វីច្រើនប្រសិនបើអ្នកមានពិន្ទុឥណទានល្អ ទោះបីជាអត្រាការប្រាក់ជាមធ្យមច្រើនជាងកម្ចីផ្សេងប្រសិនប្រៀបធៀបទៅនឹងកម្ចីមួយចំនួនដូចជាកម្ចីទិញផ្ទះឬក៏កម្ចីទិញឡាន។ កម្ចីនេះមានភាពងាយស្រួលក្នុងការខ្ចី។

 

មិនត្រូវការវត្ថុបញ្ចាំ: កម្ចីភាគច្រើនគឺតម្រូវឲ្យអ្នករក្សាប្លង់អ្វីមួយតំកល់នៅធនាគារដូចជាប្លង់ផ្ទះឬក៏ប្លង់ឡានជាដើម។  ប្រជាជនខ្មែរយើងភាគច្រើនឈឺក្បាលនៅពេលដែលធនាគារតម្រូវឲ្យគាត់ត្រូវតែមានប្លង់បញ្ចាំ ប៉ុន្តែសម្រាប់កម្ចីផ្ទាល់ខ្លួនវិញមិនតម្រូវឲ្យអ្នកដាក់ប្លង់បញ្ចាំនោះទេ ហើយរយៈពេលក្នុងការសងក៏មានរយៈពេលខ្លីដូចច្នេះអ្នកមិនសូវជំពាក់ធនាគារក្នុងកំឡុងពេលយូ។ ពួកគេអាចទទួលការខ្ចីប្រាក់បានដោយមិនចាំបាច់បារម្ភអំពីវត្ថុបញ្ចាំដើម្បីប្តូរយកការខ្ចីប្រាក់។